ចូលម៉ាត២៥០០រៀលមួយភ្លែតសោះ ចោរលួចម៉ូតូយកទៅបាត់ នៅសង្កាត់ស្ទឹងមានជ័យទី១
សន្តិសុខសង្គម
606

រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ បានយំមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ស្ទឹងមានជ័យទី១ ដើម្បីឲ្យសមត្ថកិច្ចតាមចាប់ ចោរដែលបានលួចម៉ូតូនិងមួកសុវត្ថិភាពរបស់គាត់យកទៅបាត់ ខណៈដែលគាត់ចូលទិញអីវ៉ាន់នៅម៉ាត២៥០០ មួយភ្លែតសោះ បង្កការភ្ញាក់ផ្អើលនៅម៉ោង ១រសៀល ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ នៅមុខហាងលក់សម្ភារៈម៉ាត២៥០០រៀល តាមបណ្តោយផ្លូវ២១៧ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ស្ត្រីជាម្ចាស់ម៉ូតូដែលត្រូវចោរលួចយកទៅ ដូចក្នុងកាមេរ៉ាសុវត្ថិភាព បានបង្ហាញនេះ បានឲ្យដឹងថា គាត់មានឈ្មោះ ម៉ី ច័ន្ទ លក្ខិណា អាយុ២៧ឆ្នាំ មុខរបរអ្នកលក់ក្រូចឆ្មា នៅផ្សារដើមគរ ស្នាក់នៅម្តុំវត្តគោកបញ្ជាន់ សង្កាត់ចោមចៅទី២ ខណ្ឌពោធិសែនជ័យ ។ ចំណែកម៉ូតូដែលចោរលួចយកទៅបាត់នោះ គឺម៉ូតូហុងដា ឃ្លីក ស៊េរីឆ្នាំ២០១៩ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HF-0685 ។

ស្ត្រីជាម្ចាស់ម៉ូតូបន្តថា មុនពេលកើតរូបគាត់បានជិះម៉ូតូមួយគ្រឿង ចេញមកពីលក់ក្រូចឆ្មាវិញ ហើយក៏បានចតម៉ូតូ ចូលទៅក្នុងហាងលក់សម្ភារ:ម៉ាត២៥០០រៀល ដើម្បីទិញខោអាវឲ្យប្អូនស្រី តែមួយភ្លែតដោះ តែគាត់ភ្លេចដកកូនសោរចេញពីម៉ូតូ ស្រាប់តែក្រឡែកមកវិញ ឃើញចោរយកមួកសុវត្ថិភាពរបស់គាត់ពាក់ និងជិះម៉ូតូរបស់គាត់យកទៅបាត់តែម្តង ចំណែកគាត់បានត្រឹមតែដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី១ ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍តែប៉ុណ្ណោះ ៕


Telegram