រាជធានីភ្នំពេញ ៖ បុរសម្នាក់ ត្រូវបានប្រជាពលរដ្ឋនៅទីតាំងកើតហេតុ បានឃើញជិះម៉ូតូក្នុងល្បឿនលឿន ស្រាប់តែធ្លាក់ជង្ហុក ដួលត្រូវបានរថយន្តមិនចាំម៉ាក មកពីក្រោយ បុកប៉ើងជិត៥០ម៉ែត្រចេញពីម៉ូតូ រួចកិនស្លាប់យ៉ាងរន្ធត់ ស្រាប់តែឃើញមានម្សៅក្រាមសថ្លា សង្ស័យជាសារធាតុញៀន ចំនួន២កញ្ចប់នៅក្បែរសាកសព ដោយមិនដឹងថា ជារបស់អ្នកណានោះទេ បង្កការភ្ញាក់ផ្អើល នៅវេលាម៉ោងជិត១០យប់ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ ចំណុចស្តុបផ្សារមាន់អាំង ផ្លូវ៣១៥ កែងនឹងផ្លូវ៥៩២ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាន ពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ក្រុមការងារ TVFBឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញយុវជនម្នាក់ ជិះម៉ូតូម៉ាកឌ្រីមសង់សេ១២៥ ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1O-6876 ជិះតាមបណ្តោយផ្លូវ៣១៥ ពីលិចមកកើត ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ជាប់ស្តុបផ្សារមាន់អាំងបានធ្លាក់ជង្ហុក បណ្តាលឲ្យម៉ូតូដួលខ្ទាតជនរងគ្រោះ ហយក៏ត្រូវបាន រថយន្តមួយទៀត មិនចាំម៉ាក មកលឿនដូចគ្នា បញ្រ្ចាសទិសគ្នាកើតមកលិច ជ្រុលបុកជនរងគ្រោះខ្ទាតប៉ើងប្រមាណ៥០ម៉ែត្រ ចេញពីម៉ូតូ រួចកិនជនរងគ្រោះពីលើបន្ថែម បណ្តាលឲ្យស្លាប់យ៉ាងរន្ធត់ រួចបន្តល្បឿនបើករត់គេចខ្លួនបាត់ស្រមោល។ អ្វីដែលកាន់តែភ្ញាក់ផ្អើលថែមទៀតនោះ នៅក្បែរសាកសព សមត្ថកិច្ចបានឃើញមានក្រាមសថ្លា សង្ស័យជាថ្នាំញៀនចំនួន២កញ្ចប់ តែមិនដឹងថាជារបស់ជនរងគ្រោះ ឬជារបស់អ្នកណាផ្សេងនោះឡើយ ? ។
ចំណែកប្រភពព័ត៌មានពីបុរសម្នាក់ ដែលនៅទីតាំងកើតហេតុ ឃើញហេតុការណ៍ផ្ទាល់ បានឲ្យដឹងថា មុនពេលកើតហេតុ គាត់ឃើញមាន បុរសម្នាក់ជិះម៉ូតូធំ ដេញតាម ម៉ូតូ របស់ជនរងគ្រោះ ក្នុងល្បឿនលឿន មិនដឹងថា មានរឿងអីនោះទេ លុះដល់ចំណុចកើតហេតុ ជនរងគ្រោះរូបនេះ ក៏បានជិះម៉ូតូធ្លាក់ជង្ហុក បណ្ដាលឲ្យដួលបោកនឹងថ្នល់ ហើយត្រូវបានរថយន្តបុកប៉ើង រួចកិនស្លាប់តែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលមូលដ្ឋាន សហការជាមួយនគរបាលចរាចរណ៍ក្រុង បានចុះមកធ្វើការវាស់វែង យកម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌទួលគោក រង់ចាំក្រុមគ្រួសារមកទទួល និងបន្តស្រាវជ្រាវ តាមរករថយន្តដែលបុកនិងកិនជនរងគ្រោះ យកមកដោះស្រាយគ្នាតាមច្បាប់បន្តទៀត ៕