រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលទាំងព្រឹកមួយបានកើតឡើង ខណៈបុរសម្នាក់ បានចូលទៅក្នុងឃ្លាំងអេតចាយគេមួយកន្លែងមិនដឹងមានបំណងអ្វីនោះទេ អកុសល្យបែរជាឆក់ចរន្តអគ្គិសនី ស្លាប់គងលើដែកធ្នឹមដំបូលឃ្លាំង ផ្អើលដល់សមត្ថកិច្ចចុះមកធ្វើការពិនិត្យ នៅម៉ោង៩យប់ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ តាមបណ្តោយផ្លូវបេតុង ក្រុម៤ ភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។
សមត្ថកិច្ចបានឲ្យដឹងថា សាកសពបុរសខាងលើនេះ មានឈ្មោះ សូ សែ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្ន ស្នាក់នៅ ភូមិកើតហេតុខាងលើ មាន ស្រុកកំណើតនៅ ខេត្តស្វាយរៀង។
ក្នុងនោះ បើតាមការបំភ្លឺ របស់ឈ្មោះ ស៊ីម ពិសិដ្ឋ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរនៅផ្ទះ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ខ្ញុំបាទឋ និងប្រពន្ធ កំពុងតែអង្គុយលេងនៅលើផ្លូវវេងស្រេង មុខហាងសាគូរ៉ា ភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ស្រាប់តែមានឈ្មោះ សម្ភស្ស ភេទប្រុស ហៅអាស្មាក់ អាយុ៣១ឆ្នាំបាន មកប្រាប់ ខ្ញុំថា អោយជួយទៅប្រាប់ថៅកែការងារកន្លែងចាស់ ជាកន្លែងកើតហេតុ ថាឈ្មោះ សូ សែ បានឆក់ខ្សែភ្លើងបណ្ដាលអោយស្លាប់ នៅក្នុងឃ្លាំង បាត់ទៅហើយ។ ដូចនោះ ខ្លួនក៏បានចូលទៅក្នុងឃ្លាំង រួចបិទប៉ារែតភ្លើង ពេលបិទប៉ារែតភ្លើងរួចហើយ ក្រលេកមើលទៅក៏បានឃើញជនរងគ្រោះ គាបជាប់នៅលើឆ្នឹមដំបូលឃ្លាំងស្លាប់បាត់ទៅហើយ ដោយមិនដឹងថា ជនរងគ្រោះចូលមកមានចំណងអ្វីនៅលើឃ្លាំងរបស់គេនោះទេ សង្ស័យថា បម្រុងនឹងអ្វីហើយ តែបែរជាកើតរឿងទៅវិញ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកធ្វើការពិនិត្យដល់ទីតាំងកើតហេតុ និងបានធ្វើកំណត់ហេតុ ប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕ មេសា