រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលខ្លាំងមួយបានកើតឡើង ដោយជនសង្ស័យមួយក្រុម មានគ្នា៣នាក់ បានជិះម៉ូតូឌុបគ្នា មកទម្លាក់ជនសង្ស័យម្នាក់ ផ្លោះរបងចូលក្នុងការ៉ាស់សាំងតេលាមួយកន្លែង បម្រុងធ្វើសកម្មភាពលួច ឬក៏ប្លន់? តែពេលនោះ ត្រូវបានសន្តិសុខដែលយាមនៅការ៉ាស់សាំង បានឃើញទាន់ក៏ចាក់សន្តិសុខ១កាំបិតចំក រួចសន្តិសុខនោះក៏ចាក់វិញ១កាំបិតពីក្រោយខ្នង បណ្តាលឲ្យស្លាប់តែម្តង កាលពីវេលាម៉ោង ៣ និង៣០នាទី ទៀបភ្លឺ ឈានចូលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចការ៉ាស់សាំងតេលា មួយកន្លែង តាមបណ្តោយផ្លូវ២១៧ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយជនសង្ស័យរត់មកស្លាប់នៅមុខហាង KOI មួយកន្លែងទៀត ។
សមត្ថកិច្ចនគរបាលខណ្ឌដង្កោ បានប្រាប់ក្រុមការងារ TVFB ឲ្យដឹងថា មុនពេលើកើតហេតុ វេលាម៉ោង ៣និង៣០នាទី ទៀបភ្លឺ មានជនសង្ស័យ៣នាក់ បាននាំគ្នាជិះម៉ូតូមួយគ្រឿង ឌុបគ្នា មកទម្លាក់ជនសង្ស័យម្នាក់អាយុជាង៣០ឆ្នាំ ផ្លោះរបងចូលក្នុងការ៉ាស់សាំងតេលាមួយកន្លែង តាមបណ្ដោយផ្លូវ២១៧ ភ្លាមៗនោះត្រូវបានសន្តិសុខ ដែលយាមនៅក្នុងទីតាំងកើតហេតុខាងលើ បានឃើញក៏ស្រែកឆោឡោនិងឃាត់ខ្លួនសូរនាំ ស្រាប់តែជនសង្ស័យនោះ បានដកកាំបិតចុងស្រួច ចាក់ចំក សន្តិសុខ ១កាំបិត បណ្តាលឲ្យរងរបួសធ្ងន់ ហូរឈាម ហើយបានព្យាយាមរត់គេចខ្លួនចេញមកខាងក្រៅ មកបុកនឹងរបងដែកការ៉ាស់សាំង ក៏ត្រូវបានសន្តិសុខ នោះយកកាំបិតចាក់១កាំបិតវិញចំខ្នង បណ្តាលឲ្យរបួសធ្ងន់ដូចគ្នា ហើយបានរត់ទាំងឈាម បាន១០០ម៉ែត្រ ពីការ៉ាស់សាំង ក៏បានជ្រុះកាំបិតនោះ នៅលើសួនច្បារចែកទ្រូងផ្លូវ រួចក៏មកដេកដួលស្លាប់ក្នុងថ្លុកឈាម នៅមុខហាង KOI មួយកន្លែងតែម្តង ។ ចំណែកសន្តិសុខវិញ បានរងរបួសធ្ងន់ធ្ងរ បានរត់ដេញតាមពីក្រោយជនសង្ស័យ រហូតសន្លប់នៅលើផ្លូវ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ នគរបាលប៉ុស្តិ៍ដង្កោ ដឹកនាំដោយលោក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ សហការជាមួយនគរបាលជំនាញផ្នែកកោសល្យវិច័យ បានចុះមកធ្វើការពិនិត្យស្រាវជ្រាវនៅទីតាំងកើតហេតុ និងធ្វើកោសល្យវិច័យទៅលើសាកសព បានឲ្យដឹងថា សពរបស់ជនសង្ស័យគឺ ត្រូវចាក់ចំសួតខាងឆ្វេង បណ្តាលឲ្យរបួសធ្ងន់ ទើបស្លាប់ ហើយពេលនោះ ត្រូវបានសមត្ថកិច្ចដឹកយកមកតម្កល់នៅវត្តចាក់អង្រែក្រោម រង់ចាំស្រាវជ្រាវរកសាច់ញាតិបងប្អូន មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែកជនរងគ្រោះជាសន្តិសុខ កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ៕ មេសា