លទ្ធផលជិះលឿនពេក ជ្រុលបុកពីក្រោយម៉ូតូសណ្ដោងរឺម៉កអេតចាយ ស្លា..ប់..ម្នាក់ រ.បួ.សធ្ង.ន់.ម្នាក់
សន្តិសុខសង្គម
555

ខេត្តពោធិ៍សាត់ ៖ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនឹងម៉ូតូសណ្ដោងរឺម៉កអេតចាយ បណ្តាលឲ្យបុរសម្នាក់ស្លាប់ និងម្នាក់ រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ កាលពីវេលាម៉ោង១១ និង៤៩នាទី ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ លើកំណាត់ផ្លូវជាតិលេខ៥៥ ចន្លោះគីឡូម៉ែត្រលេខ៨៣-៨៤ ចំណុចស្រែតាំងយ៉ ស្ថិតនៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

តាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកវាលវែង បានឲ្យដឹងថា ៖ មុនពេលកើតហេតុមានម៉ូតូ ០១គ្រឿង ម៉ាក HONDA BEAT ពណ៌ស ពាក់ស្លាកលេខ កំពង់ ឆ្នាំ ង 1K-6247 បេីកបរដោយឈ្មោះ លន់ សុខឡេង ភេទប្រុស អាយុ១៩ ឆ្នាំ រស់នៅ ភូមិ គក ឃុំខុនរ៉ង ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង (ស្លាប់ នឹងកន្លែង) និងអ្នករួមដំណេីរម្នាក់ ឈ្មោះ ស សុភាព ភេទប្រុស អាយុ ២១ ឆ្នាំ រស់នៅ ភូមិកន្សែង ឃុំខុនរ៉ង ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង (របួសធ្ងន់ បាក់ភ្លៅខាងស្តាំ) បើកបរក្នុងទិសដៅពីលិចទៅកេីត លុះដល់កន្លែងកេីតហេតុ ខាងលើបានជ្រុលទៅបុកយ៉ាងពេញទំហឹង ចំពីក្រោយម៉ូតូ សណ្តោង រឺម៉កអេតចាយ ម៉ាក WAVE អាល់ហ្វា ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរក្នុងទិសស្របគ្នា ចំពោះអ្នកបើកបរម៉ូតូសណ្តោងរឺម៉កបានរត់គេចខ្លួនបាត់ ។ រីឯអ្នករងរបួសធ្ងន់ត្រូវបានសមត្ថកិច្ចនិងក្រុមគ្រូពេទ្យបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្ត ពោធិ៍សាត់ ។

របាយការណ៍បានបន្តឲ្យដឹងទៀតថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលមកពីកត្តាល្បឿន និងខ្វះការប្រុងប្រយ័ត្ន ។

ចំណែកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកឯម៉ូតូទាំង០២គ្រឿង ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកវាលវែង រង់ចាំការដោះស្រាយតាមនីតិវិធី ៕


Telegram