ធ្លាប់ជាក់គុ.ក២ឆ្នាំ៦ខែ ចេញមកវិញខឹងប្រើក្មួយស្រីទិញបារីឲ្យជក់មិនបាន វា.យក្មួយរួចយកខ្សែរឹ.ត.ក ត្រូវឪពុកប្តឹងប៉ូលិសឲ្យចាប់ខ្លួន
សន្តិសុខសង្គម
173

ខេត្តកណ្ដាល ៖ យោងតាមផេក នាយកដ្ឋានផ្សព្វផ្សាយ អប់រំបានឲ្យដឹងថា ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការចាប់ឃាត់ខ្លួន ក្រោយតែងតែប្រើហិង្សាក្នុងគ្រួសារ ហើយលើកចុងក្រោយ ខឹងប្រើក្មួយស្រីទិញបារីឲ្យជក់មិនបាន វាយក្មួយរួចយកខ្សែរឹតក ត្រូវឪពុកប្តឹងប៉ូលិសឲ្យចាប់ខ្លួនតែម្តង កាលពីវេលាម៉ោង ១១ និង៣០នាទី ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ ក្នុងភូមិបារ៉ែនលើ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល ។

សមត្ថកិច្ចបានឲ្យដឹងថា ក្មេងស្រីរងគ្រោះជាក្មួយមានអាយុ១០ឆ្នាំ ។ ចំណែកជនសង្ស័យមានឈ្មោះ ឌឹម មករា ហៅ ក្រឹម ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិបារ៉ែនលើ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល ដកហូតបានខ្សែក្រណាត់ ចំនួន ០១ខ្សែ មានប្រវែង ៩៣ស.ម ។

ផលប៉ះពាល់បណ្ដាលអោយជនរងគ្រោះមានរបួសស្រាល និងរងការភិតភ័យ ។

សូមបញ្ជាក់ថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះកង់មកលេងជាមួយនឹងក្មួយៗរបស់ជនសង្ស័យនៅចំណុចកើតហេតុ ពេលនោះជនសង្ស័យបានប្រើក្មួយរបស់ខ្លួនអោយទៅទិញបារីអោយខ្លួនជក់ បន្ទាប់មកក្មួយរបស់ជនសង្ស័យ បានមកខ្ចីកង់ពីជនរងគ្រោះជិះទៅទិញបារីអោយពូរបស់ខ្លួន ប៉ុន្ដែជនរងគ្រោះមិនអោយខ្ចីកង់ ទើបជនសង្ស័យបានប្រើហិង្សាវាយទៅលើជនរងគ្រោះចំនួន២ដៃ និងបានយកខ្សែរឹតកជនរងគ្រោះទៀតផង ។

ខណៈពេលកំពុងធ្វើសកម្មភាពរឹតកជនរងគ្រោះនោះ ក្មួយៗរបស់ជនសង្ស័យបាននាំគ្នាស្រែកទើបជនសង្ស័យភ័យ ក៏បានទម្លាក់ជនរងគ្រោះចុះ ។ បន្ទាប់មកក្មួយៗរបស់ជនសង្ស័យបានយករឿងទាំងអស់ប្រាប់ទៅតារបស់ខ្លួន ដែលជាឪពុកជនសង្ស័យ ទើបគាត់នាំក្មេងៗ និងជនរងគ្រោះមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលស្វាយប្រទាលអោយជួយអន្តរាគមន៍ ។

ក្រោយពេលទទួលបានបណ្ដឹងពីជនរងគ្រោះខាងលើភ្លាម កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្វាយប្រទាល បានចុះទៅដល់កន្លែងកើតហេតុ និងបានឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាង បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីតែម្ដង ។

សមត្ថកិច្ចបានឲ្យដឹងផងដែរថា កន្លងមកជនសង្ស័យធ្លាប់ជាប់ពន្ធនាគារព្រៃស ចំនួន ០១លើក រយៈពេល ២ឆ្នាំ ៦ខែ កាលពីឆ្នាំ២០០៨ ក្នុងករណីៈ ប្លន់ ប្រព្រឹត្តនៅរាជធានីភ្នំពេញ និងធ្លាប់ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ស្វាយប្រទាលធ្វើកិច្ចសន្យាអប់រំចំនួន ០១លើក ករណីហិង្សាក្នុងគ្រួសារ កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ ថ្មីៗនេះ ។

ពេលនេះជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចនគរបាលបានធ្វើតេស្ដយកសំណាករកមេរោគកូវីត-១៩ លើជនសង្ស័យរួចរាល់ហើយ លទ្ធផលគឺ អវិជ្ជមាន (-) និងកំពុងអនុវត្តតាមនីតិវិធីច្បាប់ ៕


Telegram