ស្នងការដ្ឋាននគរបាលខេត្តកំពត នឹងធ្វើការស៊ើបអង្កេត លើករណីបែកធ្លាយបុរសជើងខ្លាំងជាកូនចៅប៉ូលីស ស័ក្ក៤ នៅខេត្តកំពត ហ៊ានយកកាំបិតរកកាប់ប្រជាពលរដ្ឋរងគ្រោះ!!! ក្នុងករណីរកឃើញមានកំហុស សមត្ថកិច្ចនឹងចាត់ការតាមច្បាប់ ទោះជាមន្ត្រីក្របខណ្ឌនៃស្នងការខេត្តក៏ដោយ
សន្តិសុខសង្គម
106

ខេត្តកំពត ៖ យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តកំពត បានឲ្យដឹងថា សេចក្តីបំភ្លឺព័ត៌មានស្នងការដ្ឋាននគរបាលខេត្តកំពត សូមបំភ្លឺជម្រាបជូនសាធារណជន អ្នកសារព័ត៌មាន ពិសេសបណ្តាញ ទំនាក់ទំនងសង្គមមេត្តាជ្រាបថា : ដោយមានការចុះផ្សាយ កាលពីថ្ងៃទី ៣០ ខែ សីហា ឆ្នាំ២០២១ ចំណងជើងថា «បែកធ្លាយបុរសជើងខ្លាំងជាកូនចៅប៉ូលីស ស័ក្ក៤ នៅខេត្តកំពត ហ៊ានយកកាំបិតរកកាប់ប្រជាពលរដ្ឋរងគ្រោះ!!!» ។

ដើម្បីចៀសវាងការភាន់ច្រឡំ ស្នងការដ្ឋាននគរបាលខេត្តកំពត សូមបំភ្លឺបញ្ជាក់ជូនដូចខាងក្រោម ៖

-នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ស្នងការដ្ឋាននគរបាលខេត្តបានទទួលពាក្យបណ្តឹងពីឈ្មោះ ស៊ាន់ ស្រីស្រស់ ភេទស្រី អាយុ ២៩ ឆ្នាំ រស់នៅភូមិកំពង់ចិន ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត បានប្តឹងចោទលើមនុស្សចំនួន ០៣ នាក់ ប្រព្រឹត្តអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស វាយដំទៅលើជនពិការជើងម្ខាងម្នាក់ឈ្មោះ ព្រំ ឈាន នៅចំណុចវាលស្មៅ ស្ថិតនៅភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត មូលហេតុផ្តើមចេញពីទំនាស់ដីធ្លី កាលពីថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២១ វេលាម៉ោង ១៨:៣០ នាទី ដែលមានមនុស្សមួយក្រុមមកកាប់បំផ្លាញរោងចាំចម្ការរបស់ឈ្មោះ ព្រំ ឈាន ខណៈនោះ ឈ្មោះ ព្រំ ឈាន បានហាមឃាត់សកម្មភាពនោះ ដោយក្នុងដៃមានកាន់កាំបិត ។ អំពើហិង្សានេះ បណ្តាល ឲ្យឈ្មោះ ព្រំ ឈាន (ជនពិការ) របួសធ្ងន់ ។

-ចំពោះករណីនេះ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពត បានចុះស៊ើបអង្កេត និងកសាងសំណុំរឿងចោទប្រកាន់ជនសង្ស័យចំនួន ០៣ នាក់ និងបានបញ្ជូនទៅសាលាដំបូងខេត្តកំពត កាលថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ ២០២១ ។ តុលាការខេត្តកំពត បានដោះស្រាយបញ្ចប់រឿង ដោយឈ្មោះ ព្រំ ឈាន ទទួលបានថ្លៃព្យាបាលរបួសចំនួន ៤.០០០.០០០ រៀល (បួនលានរៀល) ។

-នៅថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២១ ស្នងការដ្ឋាននគរបាលខេត្តកំពត បានទទួលពាក្យបណ្តឹងពីឈ្មោះ កែវ វ៉ារី ភេទប្រុស អាយុ ៤៧ ឆ្នាំ រស់នៅភូមិវត្តអង្គ ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត ដែលបានប្តឹងចោទលើមនុស្សចំនួន ០២ នាក់ ពីបទបរិហាកេរ្តិ៍ ។

កម្លាំងជំនាញបានចេញលិខិតកោះហៅបុគ្គលទាំងពីរនោះមកសាកសួរ ដើម្បីបំភ្លឺលើបណ្តឹងរបស់លោក កែវ វ៉ារី នៅលើកទី ១ បុគ្គលទាំង ០២ នាក់នោះមិនបានចូលខ្លួនបំភ្លឺឡើយដោយមានមេធាវីសុំពន្យាពេល បន្ទាប់មកកម្លាំងជំនាញបានចេញលិខិតលើកទី ២ ទើបមេធាវីចូលមកដោះស្រាយ បច្ចុប្បន្នករណីនេះកម្លាំងជំនាញបាននឹងកំពុងបន្តចាត់ការតាមនីតិវិធី ។

-នៅថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ ២០២១ ស្នងការដ្ឋាននគរបាលខេត្ត បានទទួលពាក្យបណ្តឹងពីឈ្មោះ ព្រំ ឈាន ភេទប្រុស អាយុ ៥៥ ឆ្នាំ រស់នៅភូមិកំពង់ចិន ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត ដែលប្តឹងលើមនុស្សចំនួន ០៩ នាក់ និងបក្ខពួកចំនួន ១៦ នាក់ទៀត មិនស្គាល់ឈ្មោះ «ពីបទគំរាមថានឹងសម្លាប់» ។ បន្ទាប់ពីទទួលបានពាក្យបណ្តឹងនេះ ស្នងការដ្ឋាននគរបាលខេត្តកំពត បានកោះហៅ បុគ្គលពាក់ព័ន្ធមកបំភ្លឺ តែមេធាវីការពារក្តីបានសុំពន្យារពេលក្នុងការដោះស្រាយ បច្ចុប្បន្នករណីនេះកម្លាំង ជំនាញបាននឹងកំពុងបន្តចាត់ការតាមនីតិវិធី ។

-ចំពោះករណីលោកវរសេនីយ៍ត្រី កែវ វ៉ារី ស្នងការដ្ឋាននគរបាលខេត្តកំពត នឹងធ្វើការស៊ើបអង្កេត លើករណីពាក់ព័ន្ធអំពើហិង្សាខាងលើ ក្នុងករណីរកឃើញមានកំហុសដូចការចុះផ្សាយរបស់សារព័ត៌មាន និងមានភស្តុតាងគ្រប់គ្រាន់ សមត្ថកិច្ចនឹងកសាងសំណុំរឿងចាត់ការតាមនីតិវិធីដោយមិនមានការលើកលែង ឬយោគយល់ឡើយ ទោះបីជាលោក កែវ វ៉ារី ជាមន្ត្រីក្របខណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តកំពតក៏ដោយ ។

អាស្រ័យហេតុនេះ សូមសាធារណជន អ្នកសារព័ត៌មាន ពិសេសបណ្ដាញទំនាក់ទំនងសង្គម មេត្តាទទួលជ្រាបជាព័ត៌មាន៕


Telegram