ខេត្តតាកែវ ៖ យោងតាមផេក អធិការដ្ឋាននគរបាល ស្រុកអង្គរបូរី បានឲ្យដឹងថា ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការចាប់ឃាត់ខ្លួន ពាក់ព័ន្ធករណីប៉ុនប៉ងឃាតកម្ម កាលពីវេលាម៉ោង ៥និង១០នាទីល្ងាច ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ នៅភូមិពន្លៃខាងត្បូង ឃុំពន្លៃ ស្រុកអង្គរបូរី ខេត្តតាកែវ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យម្នាក់ឈ្មោះ ព្រោក ហ៊ី ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិធ្លកយុល ឃុំពន្លៃ ស្រុកអង្គរបូរី ខេត្តតាកែវ បានយកកាំបិតនិងញញួរដេញកាប់ទៅលើឈ្មោះ ឈាង សី ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរកសិករ មានលំនៅភូមិ-ឃុំ ជាមួយគ្នា បានរងរបួសស្រាល ។
ក្រោយពីបានទទួលបានព័ត៌មានភ្លាម ដោយបានការចង្អុលបង្ហាញពីឯកឧត្តមស្នងការនគរបាលខេត្ត និងការសម្របសម្រួលពី ឯកឧត្តមព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ លោកវរសេនីយ៍ឯក យ៉ុង ប៊ុនយ៉ុន អធិការនគរបាលស្រុក បានដឹកនាំកម្លាំងជំនាញ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលពន្លៃ ចុះឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ យកមកកាន់អធិការដ្ឋាននគរបាលស្រុកអង្គរបូរី ដើម្បីសាកសួរ និងកសាងសំណុំ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕