រាជធានីភ្នំពេញ ៖ អគ្គីភ័យឆាបឆេះវិហារមួយកន្លែង បង្កការភ្ញាក់ផ្អើល ដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះមកធ្វើការអន្តរាគមន៍បាញ់ពន្លត់ កាលពីវេលាម៉ោង ១១និង៤០នាទី ព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ ក្នុងភូមិសែនសុខ២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានប្រជាពលរដ្ឋជាច្រើន បាននាំគ្នាចូលមកអុជធូបសុំសេចក្តីសុខនៅក្នុងវិហារព្រះនាង វ៉ៃវ័រ ដោយសារតែជាថ្ងៃសីល៍ ។ លុះនាំគ្នាអុជរួចរាល់ ម្ចាស់ព្រះវិហារក៏បានចាក់សោរពីក្រៅ ហើយមួយសន្ទុះក្រោយមក ក៏ស្រាប់តែមានអណ្តាតភ្លើងឆាបឆេះចេញពីក្នុងវិហារ បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្បែរនោះ នាំគ្នាជួយទាញទុយោ ទាញធុងទឹក យកមកជះនិងបាញ់ រហូតដល់រលត់វិញទាំងស្រុង ភ្លាមៗក៏មានរថយន្តពន្លត់អគ្គិភ័យមកដល់ តែមិនបានបាញ់នោះទេ ដោយសារភ្លើងបាន រលត់ទៅហើយ ។
ក្រោយកើតហេតុ សមត្ថកិច្ច បានឲ្យដឹងថា អគ្គីភ័យនេះគឺបណ្តាលមកពីការអុជធូប ហើយធ្លាក់កំទេចភ្លើងធូបទៅលើជើងធូបដែលបានដោតរួច ទើបធ្វើអោយឆាបឆេះជាអណ្តាតភ្លើងតែម្តង និងបណ្តាលអោយរងការខូចខាតដល់សម្ភារៈប្រើប្រាស់ក្នុងព្រះវិហារមួយចំនួន រួមនិងឆេះរថយន្តកាមរីជ្រុង ចំពីក្រោយផ្នែកខាងស្តាំ ផងដែរ។
ទោះជាយ៉ាងណាក៏ដោយអគ្គិភ័យនេះមិនមានបណ្តាលអោយមាននរណាម្នាក់រងរបួសនោះ ហើយក៏មិនបានរាលដាលដល់ផ្ទះបងប្អូនប្រជាពលរដ្ឋនោះដែរ ៕ នង មឿន