បន្ទាប់ពីភ្លៀងរលឹមរថយន្តមួយគ្រឿងបើកលឿនជាន់ហ្វ្រាំងមិនទាន់ ដល់ផ្លូវកោងបុកបង្គោលភ្លើងក្រឡាប់ផ្ងារជើង
សន្តិសុខសង្គម
188

ខេត្តព្រះសីហនុ ៖ រថយន្តមួយគ្រឿង ស៊េរីទំនើប ម៉ាក Lexus IS 250 បើកបរដោយបុរសជនជាតិខ្មែរម្នាក់ បានក្រឡាប់ផ្ងារជើងនៅតាមបណ្ដោយផ្លូវ សណ្ឋាគារ ០៧ ជាន់ បណ្តាលឲ្យម្ចាស់រថយន្តរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ កាលពីវេលាម៉ោង១១និង៣០នាទី យប់ ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ ក្នុងសង្កាត់លេខ០៣ ក្រុង/ខេត្តព្រះសីហនុ។

ប្រភពព័ត៌មានពីកម្លាំងសមត្ថកិច្ចជំនាញចរាចរណ៍បានឲ្យដឹងថា មានបុរសម្នាក់ជាជនជាតិខ្មែរ បើករថយន្តស៊េរីទំនើប មួយគ្រឿងម៉ាក Lexus IS 250 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2M-3337 បានធ្វើដំណើរតាមបណ្ដោយផ្លូវ២ធ្នូ ក្នុងទិសដៅពីជើងទៅត្បូង ខណៈពេលទៅដល់ទីតាំងជិតគល់ស្ពាន ដែលជាចំណុចផ្លូវកោង ដោយសារតែរថយន្តខាងលើបើកបរក្នុងល្បឿនលឿន ជាន់ហ្វ្រាំងមិនស៊ី ក៏បានរអិលទៅបុកបង្គោលភ្លើងបណ្ដាលឲ្យរថយន្ដខាងលើក្រឡាប់ផ្ងារជើងយ៉ាងដំណំ។ ចំណែកឯអ្នកបើកបរនៅក្នុងរថយន្ត បានរងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសម្រាកព្យាបាល។

ក្រោយកើតហេតុដោយរថយន្តស៊េរីទំនើប ត្រូវបានសមត្ថកិច្ចជំនាញ នៃការិយាល័យចរាចរណ៍ខេត្តព្រះសីហនុ ធ្វើការវាស់វែងយកទៅរក្សាទុករងចាំធ្វើការបន្តតាមនីតិវិធីច្បាប់៕


Telegram