រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួន ៣នាក់ ដែលជាមុខសញ្ញាគាស់ផ្ទះយ៉ាងសកម្ម ត្រូវបានកម្លាំងឣធិការដ្ឋាននគរបាលខណ្ឌកំបូល ធ្វើការចាប់ឃាត់ខ្លួន ខណៈជនសង្ស័យទាំងនេះប៉ុនប៉ងលួចមានស្ថានទម្ងន់ទោស (ឆ្កឹះទ្វាផ្ទះមិនបានសម្រេច) កាលពីវេលាម៉ោង៣ និង២០នាទី ទៀបភ្លឺ ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចផ្ទះលេខបេ១៣ ផ្លូវ៤២ ភូមិត្រពាំងពោធិ៍ សង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យចំនួន ០៣នាក់រួមមាន ៖
១-ឈ្មោះ ស៊ុម សុភ័ក្ត្រ ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិជ្រៃកោង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
២-ឈ្មោះ ប៊ន សីហា ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
៣-ឈ្មោះ រ៉េត ពេជ្រ ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិទ្រា១សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ (ទាំង៣នាក់មានសារធាតុញៀន)។
ចំណែកជនរងគ្រោះមានឈ្មោះ គន់ ផាន្នី ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរ បុគ្គលិកអចលនទ្រព្យ ស្នាក់នៅផ្ទះលេខបេ១៣ ភូមិត្រពាំងពោធិ៍ សង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
ក្នុងនោះ សម្ភារៈបន្សល់ទុករួមមាន ម៉ូតូ ចំនួន ០២គ្រឿង(ម៉ាកហុងដាសេ១២៥ស៊េរី ២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IV-2824 លេខតួ+លេខម៉ាស៊ីន ៦០០១២៨០ ស៊េរី០១៤ ពាក់ផ្លាកលេខ ភ្នំពេញ 1GO-0007 លេខតួ+លេខម៉ាស៊ីន 510 2869, ដែកលួសកែច្នៃចំនួន ២, ដែកកែច្នៃចុងស្រួចចំនួន ១ ទុលល្វីសដងជ័រពណ៌លឿង ចំនួន១, ដង្កៀបដងជ័រពណ៌ក្រហម ចំនួន១, សោលេខ ១០ ចំនួន១។
សូមបញ្ជាក់ថា នៅយប់ថ្ងៃទី៤ ខែកញ្ញាឆ្នាំ ២០២១ ជនរងគ្រោះនិងក្រុមគ្រួសារបានបិទទ្វារចាក់សោរផ្ទះ រួចនាំគ្នាចូលដេកតាមបន្ទប់រៀងៗខ្លួន រហូតដល់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ ២០២១ វេលាម៉ោងប្រហែល២រំលងអធ្រាត្រ ជនសង្ស័យឈ្មោះ ស៊ើម សុភ័ក្ត្រ, ជនសង្ស័យឈ្មោះ ប៊ន សីហា, ជនសង្ស័យឈ្មោះ រ៉េត ពេជ្រ និងជនសង្ស័យឈ្មោះ រិទ្ធ បានជួបជុំគ្នានៅម្ដុំរង្វង់មូលចោមចៅ(ខណ្ឌពោធិ៍សែនជ័យ) ដោយជនសង្ស័យឈ្មោះ ស៊ើម សុភ័ក្ត្រ បានផ្តើមគំនិតដើររកលួចទ្រព្យសម្បត្តិនិងឆ្កឹះសោផ្ទះរបស់គេ ព្រោះជនសង្ស័យឈ្មោះ ស៊ើម សុភ័ក្ត្រ បានដាក់ ដែកលួសកែច្នៃសម្រាប់ឆ្កឹះសោចំនួន ០២, ដែកកែច្នៃចុងស្រួចសម្រាប់កាច់បំផ្លាញសោកម៉ូតូ ចំនួន 01, ទុល្វីសដងជ័រ ពណ៌លឿងចំនួន ០១, ដង្កាប់ ដងជ័រ ពណ៌ក្រហម ចំនួន ១, សោលេខ១០ ចំនួន១ នៅក្នុងហោប៉ៅខោចំហៀងខាងស្តាំដែលជនសង្ស័យស្លៀកជាប់ខ្លួន។
ពេលនិយាយគ្នារួច ជនសង្ស័យឈ្មោះប៊ន សីហា បានបើកម៉ូតូម៉ាកសេ១២៥សេរី២០២១ ឌុបជនសង្ស័យឈ្មោះ ស៊ើម សុភ័ក្រ្ត និងជនសង្ស័យឈ្មោះ រិទ្ធ បានបើកម៉ូតូម៉ាក Zoomer X ឌុបជនសង្ស័យឈ្មោះ រ៉េត ពេជ្រ ធ្វើដំណើរតាមផ្លូវជាតិលេខ៤ បត់តាមផ្លូវទំនប់កប់ស្រូវ រួចបត់តាមផ្លូវបេតុង ដល់ខាងកើតវត្តអង្គស្តុក ភូមិត្រពាំងពោធិ៍(សង្កាត់ឪឡោក) ក៏ឃើញផ្ទះរបស់គេមានសភាពស្ងាត់(ផ្ទះរបស់របស់ជនរងគ្រោះ) ពេលនោះ ក្រុមជនសង្ស័យបានឈប់ម៉ូតូនៅលើផ្លូវបេតុងនោះ រួចជនសង្ស័យឈ្មោះ ស៊ើមសុភ័ក្រ្ត និងជនសង្ស័យឈ្មោះ រិទ្ធ បានដើរចូលទៅក្នុងបរិវេណដីឡូត៍ផ្ទះរបស់ជនរងគ្រោះ ដោយជនសង្ស័យឈ្មោះ ប៊ន សីហា និងជនសង្ស័យឈ្មោះ រ៉េត ពេជ្រ ឈរចាំទៅលើផ្លូវ ។
ពេលជនសង្ស័យឈ្មោះ ស៊ើម សុភ័ក្ត្រ និងជនសង្ស័យឈ្មោះ រិទ្ធ ទៅដល់ឃើញទ្វារកញ្ចក់ផ្ទះរបស់ជនរងគ្រោះមានចាក់សោពីខាងក្នុង ពេលនោះ ជនសង្ស័យឈ្មោះ ស៊ើម សុភ័ក្រ្ត បានលូកដៃយកទុល្វីសពីក្នុងហោប៉ៅខោមកកាន់នឹងដៃស្ដាំបំរុងធ្វើសកម្មភាពឆ្កឹះកញ្ចក់ផ្ទះរបស់ជនរងគ្រោះ ស្រាប់តែឃើញសមត្ថកិច្ចរបស់ជិះម៉ូតូមកដល់ហៅ ជនសង្ស័យ ឈ្មោះ ប៊ន សីហា និងជនសង្ស័យឈ្មោះ រ៉េត ពេជ្រ សួរនាំ ពេលនោះជនសង្ស័យឈ្មោះ ស៊ើម សុភ័ក្រ្ត និងជនសង្ស័យឈ្មោះ រិទ្ធ បានរត់ពូននៅទីងងឹតក្បែរផ្ទះរបស់ជនរងគ្រោះ ដោយមានការសង្ស័យ សមត្ថកិច្ចបាននាំជនសង្ស័យឈ្មោះ ប៊ន សីហា និងជនសង្ស័យឈ្មោះ រ៉េត ពេជ្រ រួមទាំងម៉ូតូចំនួន២ គ្រឿងដែលជនសង្ស័យជិះធ្វើសកម្មភាព យកមកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឪឡោក។
ពេលនោះជនសង្ស័យឈ្មោះ រ៉េត ពេជ្រ និងជនសង្ស័យឈ្មោះ ប៊ន សីហា បានសារភាពប្រាប់សមត្ថកិច្ចថា បក្ខពួករបស់ខ្លួនចំនួន ០២ នាក់ទៀត បានចូលទៅគាស់ផ្ទះរបស់ជនរងគ្រោះ។ ភ្លាមនោះ សមត្ថកិច្ចបានចុះទៅដល់បរិវេណផ្ទះរបស់ជនរងគ្រោះបញ្ចាំងពិលរកមើលជនសង្ស័យ ក៏ឃើញជនសង្ស័យឈ្មោះ ស៊ើម សុភ័ក្រ្ត កំពុងពួនសម្ងំនៅទីងងឹត សមត្ថកិច្ចក៏ឃាត់ខ្លួនជនសង្ស័យឈ្មោះ ស៊ើម សុភ័ក្ត្រ នាំយកមកសាកសួរ និងត្រួតពិនិត្យលើខ្លួនជនសង្ស័យឈ្មោះ ស៊ើម សុភ័ក្រ្ត ឃើញមានដែកលួសកែច្នៃសម្រាប់ឆ្កឹះមេសោ ចំនួន២, ដែកដែកកែច្នៃចុងស្រួចសម្រាប់កាច់សោម៉ូតូចំនួន ១, ទុល្វីសដងជ័រពណ៌លឿងចំនួន១, ដង្កាប់ដែក ដងជ័រ ចំនួន១, សោលេខ១០ ចំនួន ១ ។ ចំណែកជនសង្ស័យឈ្មោះ រិទ្ធ បានរត់គេចខ្លួនបាត់។
រហូតដល់ព្រឹកថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០២១ ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងចោទប្រកាន់លើជនសង្ស័យ បន្ទាប់មក ប៉ុស្តិ៍នគរបាលរដ្ឋបាលឪឡោកបានបញ្ជូនជនសង្ស័យ យកមកសាកសួរបន្តនៅអធិការដ្ឋាននគរបាលខណ្ឌកំបូល។បច្ចុប្បន្នជនសង្ស័យ ខាងលើអធិការដ្ឋាននគរបាលខណ្ឌកំបូល បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធីច្បាប់៕