រាជធានីភ្នំពេញ ៖ ស្រ្ដីម្នាក់ ត្រូវបានប្រជាពលរដ្ឋនៅកន្លែងកើតហេតុ លើកឡើងថា ត្រូវបានចោរឆក់កាបូប បណ្តាលឲ្យដួលបោកក្បាលនឹងផ្លូវ ស្លាប់យ៉ាងរន្ធត់បំផុត ក្រោមដំណក់ទឹកភ្លៀង ។
ជុំវិញរឿងរ៉ាវនេះ លោក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានបញ្ជាក់ប្រាប់TVFB នៅវេលាម៉ោង១០ព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១នេះ ថា ពេលនេះមិនទាន់ដឹងថាជាករណីអ្វីនៅឡើយទេ ព្រោះគ្រាន់តែជាការនិយាយតៗគ្នាថាជាករណីឆក់ គ្មានសក្សីណាដែលបានឃើញផ្ទាល់ភ្នែកឡើយ ជាក់ស្តែងបើតាមការពិនិត្យកាមេរ៉ាសុវត្ថិភាព គឺជាករណីបុកប៉ះជាមួយកង់បីស្លាប់ ហើយកង់បីបានបើករត់ ជាករណីគ្រោះថ្នាក់ចរាចរណ៍ សមត្ថកិច្ចនឹងធ្វើការស្រាវជ្រាវតាមជំនាញ តែប្រសិនបើមានសាក្សី ច្បាស់លាស់ សមត្ថកិច្ចនឹងបន្តចំណាត់ការ ទៅលើបទល្មើសនោះបន្តទៀត ។
សូមបញ្ជាក់ថា កាលពីវេលាម៉ោង ៨យប់ ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវ ១៩៧៨ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បងប្អូនប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញស្ត្រីម្នាក់ កំពុងតែធ្វើដំណើរផ្លូវ បេតុង១៩៧៨ ជិះម៉ូតូ Zoomer-X មួយគ្រឿង ដែលពាក់ស្លាកលេខ ភ្នំពេញ 1FH-3509 ក៏ត្រូវបានជនសង្ស័យ២នាក់ ជិះម៉ូតូឌ្រីមសេ១២៥ មួយគ្រឿង មិនចាំស្លាកលេខ បានធ្វើសកម្មភាពឆក់កាបូបជនរងគ្រោះ ហើយត្រូវបានជនរងគ្រោះស្រែកចោរៗ ជិះម៉ូតូដេញតាមជនសង្ស័យ ក៏ទាក់ដៃចង្កូតជាមួយ និងរម៉កកង់បីឥណ្ឌា មួយគ្រឿងទៀត បណ្ដាលឲ្យដួលបោកក្បាលស្លាប់ ភ្លាមៗនៅនឹងកន្លែងកើតហេតុ ទាំងកណ្ដាលភ្លៀង ។ ភ្លាមៗបងប្អូនប្រជាពលរដ្ឋ បានចេញមកមើល និងទំនាក់ទំនងនិងសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកដល់ទីតាំងកើតហេតុ ដើម្បីពិនិត្យនិងស្រាវជ្រាវបន្ត ។
ពេលនេះសមត្ថកិច្ចកំពុងបន្តចំណាត់ការ ស្រាវជ្រាវ នៅឡើយ ថាជាករណីអ្វីឲ្យប្រាកដ ខណៈកាមេរ៉ាសុវត្ថិភាព គ្រប់ទិសគឺបង្ហាញពីករណីគ្រោះថ្នាក់ចរាចរណ៍តែប៉ុណ្ណោះ ។ ដោយឡែកសាកសព ត្រូវបានសមត្ថកិច្ចឲ្យក្រុមគ្រូពេទ្យ ដឹកទៅរក្សាទុកនៅវត្តទឹកថ្លា ដើម្បីរង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើត ៕