ខេត្តសៀមរាប ៖ លោកស្រី លី វណ្ណៈ ប្រធានការិយាល័យនិយ័តកម្មសុខាភិបាល នៃមន្ទីរសុខាភិបាល ខេត្តសៀមរាប បានឱ្យដឹងថា បន្ទាប់ពីមានការអនុញ្ញាតពីរដ្ឋបាលខេត្តសៀមរាប ឱ្យមន្ទីរ សុខាភិបាលធ្វើការកម្ទេចចោលឱសថបំប៉នសុខភាព ដែលមន្ទីរសុខាភិបាលសហការ ជាមួយនគរបាលប្រឆាំបទល្មើសសេដ្ឋកិច្ចរឹបអូសបានកន្លងមក។
នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១នេះ លោកវេជ្ជបណ្ឌិត អ៊ាប ប៊ុនលឿន អនុប្រធាន មន្ទីរសុខាភិបាល បានដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធធ្វើការដុតកម្ទេចចោលឱសថបំប៉នសុខភាព គ្មានលេខបញ្ជិកាចំនួន១,៣០១គីឡូក្រាម មាន៧០មុខស្មើ នឹង១,២០២,៣៦៦គ្រាប់ នៅ ចំណុចទីលានចាក់សំរាម ស្ថិតនៅភូមិអន្លង់ពីរ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
លោកស្រី លី វណ្ណៈ បានបន្តថា ឱសថបំប៉នសុខភាពគ្មានចុះបញ្ជិកា ហើយត្រូវដុត កម្ទេចចោលនៅពេលនេះ ជាផលិតផលរបស់សហរដ្ឋអាមេរិក និងចាប់រឹបអូសកាលពីថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០១៦ ដោយក្រុមការងារមន្ទីរសុខាភិបាល និងនគរបាលសេដ្ឋកិច្ច ខេត្តសៀមរាប។
លោកស្រី បាន អំពាវនាវ ឱ្យ អ្នកប្រកបអាជីវកម្មលើឱសថទាំងអស់ត្រូវអនុវត្តន៍ឱ្យបាន ត្រឹមត្រូវតាមច្បាប់ដែលកម្ពុជាមាន ជាពិសេសកុំឃោសនា ភូតកុហក បោកប្រាស់ ប្រជា ពលរដ្ឋឱ្យ ប្រើប្រាស់ ឱសថ ឬ អាហារ បំប៉ន ណា គ្មាន ការត្រួតពិនិត្យ ត្រឹមត្រូវ ដើម្បី ចៀសវាង ការខាតបង់ ថវិកា ប៉ះពាល់ ដល់ សុខភាព ឬ ឈានដល់ ការបាត់ បង់ជីវិត របស់ប្រជាពលរដ្ឋ។
លោកស្រី លី វណ្ណៈ បានបញ្ជាក់ថា បច្ចុប្បន្ននេះ មន្រ្តីជំនាញសុខាភិបាលខេត្ត សៀមរាបសហការជាមួយមន្រ្តីជំនាញពាក់ព័ន្ធតែងតែបានចុះត្រួតពិនិត្យមើលឱសថឬ អាហារ បំប៉ន ណា គ្មាន លេខបញ្ជិកាត្រឹមត្រូវ និងឱសថហួសកាលកំណត់ប្រើប្រាស់ និងខូចគុណ ភាព នៅតាមឱសថស្ថាន នានានៅក្នុងខេត្តសៀមរាប ដើម្បីដកហូតយកទៅដុតកម្ទេកចោល៕ ក្រសួងព័ត៌មាន