ខេត្តព្រះសីហនុ ៖ ប្រភពពីមន្ទីរពេទ្យឯកជន បានឲ្យដឹងថា បានប្រទះឃើញរថយន្តស្តារិចមួយគ្រឿង ដឹកស្ត្រីម្នាក់ ជាបឋម ថាធ្លាក់ពីអាគារខ្ពស់ លុះយកមកដល់មន្ទីរពេទ្យឯកជនមួយកន្លែង ក្រុមគ្រូពេទ្យឃើញថាស្លាប់ទៅហើយ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១១ ថ្ងៃត្រង់ទី០៧ ខែកញ្ញា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវឯករាជ្យ ចំណុចទល់មុខមន្ទីរពេទ្យថៃខាង ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុបានឲ្យដឹងថា គេប្រទះឃើញរថយន្តមួយគ្រឿងម៉ាកស្តារិច ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AV-8751 បើកបរដោយបុរសម្នាក់ជាជនជាតិខ្មែរ និងរួមដំណើរ២នាក់ទៀតជាជនជាតិខ្មែរដូចគ្នា ។
បុរសអ្នកបើកបររថយន្តខាងលើផ្ទាល់ បានប្រាប់TVFB ឲ្យដឹងថា ដំបូងឡើយស្ត្រីខាងលើបានធ្លាក់ពីអាគារOnlineមួយកន្លែង ក្នុងតំបន់សេដ្ឋកិច្ចពិសេសអូរត្រេះ ហើយមេរបស់គាត់បានចាត់ឲ្យគាត់និងសន្តិសុខ រួមទាំងបុរសជាជាងភ្លើងម្នាក់ទៀត ជួយលើកស្ត្រីខាងលើដាក់ក្នុងគូទរថយន្ត មកសង្គ្រោះបន្ទាន់នៅដោយរថយន្តផ្ទាល់ខ្លួនរបស់ក្រុមហ៊ុន និងពុំបានរាយការណ៍មកសមត្ថកិច្ចឬហៅរថយន្តពេទ្យនោះទេ គឺសម្រេចដឹកមកមន្ទីរពេទ្យថៃខាងដោយខ្លួនឯង តែជាអកុសលស្ត្រីខាងលើបានដាច់ខ្យល់ស្លាប់ពេលដឹកតាមរថយន្តទៅហើយ ។
គួរបញ្ជាក់ផងដែរថា ចំពោះករណីខាងលើនេះពុំមានរបាយការណ៍ពីសមត្ថកិច្ចបញ្ជាក់ថាស្ត្រីខាងលើស្លាប់ដោយសារមូលហេតុអ្វីនៅឡើយទេ តែភ្លាមៗនោះសមត្ថកិច្ចបានឃាត់ខ្លួន បុរស៣នាក់ខាងលើយកទៅសួរនាំនៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុផងដែរ ។
លុះនៅល្ងាចថ្ងៃដដែលនេះ កម្លាំងនគរបាលក្រុងព្រះសីហនុ ដឹកនាំដោយលោក តី វិសាល អធិការនគរបាលក្រុង បាននិងកំពុងដឹកនាំកម្លាំង ចុះទៅធ្វើការពិនិត្យស្រាវជ្រាវនៅទីតាំងកើតហេតុផងដែរ ដោយមិនទាន់ដឹងនៅឡើយថាជាករណី ធ្លាក់ពីលើអាគារស្លាប់ ឬជាករណីឃាតកម្ម នៅឡើយនោះទេ? រង់ចាំសមត្ថកិច្ចជំនាញធ្វើការស៊ើបអង្កេតជាមុនសិន ។
ដោយឡែក សពស្ត្រីខាងលើត្រូវបានសមត្ថកិច្ចយកទៅរក្សាតម្កល់ទុកនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ រង់ចាំសមត្ថកិច្ចជំនាញមកធ្វើការកោសល្យវិច្ច័យស្រាវជ្រាវពីអត្តសញ្ញាណ ។ សម្រាប់ព័ត៌មានលម្អិត យ៉ាងណានោះ យើងនឹងធ្វើការ Update ជូនបន្តទៀត ៕