ខេត្តកណ្តាល ៖ មន្ទីរសាធារណការ និងដឹកជញ្ជូន ប្រកាសបិទចរាចររថយន្តដឹកទំនិញធុនធ្ងន់ នៅលើកំណាត់ផ្លូវលេខ២០៦, ២០៩, ១០៨, ១០៩, ១១០ និងកំណាត់ផ្លូវជាតិលេខ២១ ចាប់ពីរង្វង់មូលលោកតាខ្មៅ ដល់ផ្លូវជាតិលេខ២១បេ (១១៥) ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃ១៥ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការខូចខាតផ្លូវ ដោយសារស្ថានភាពជំនន់ទឹកភ្លៀង។
មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ អ្នកឧកញ៉ា លោក លោកស្រី បងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថា៖ ស្ថានភាពទឹកជំនន់ ទឹកភ្លៀង ដែលបាននឹងកំពុងជនលិចផ្លូវមួយចំនួនក្នុងក្រុងតាខ្មៅ និងដើម្បីចៀសវាងការខូចខាតដល់ផ្លូវថ្នល់ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល សូមធ្វើការបិទចរាចររថយន្តដឹកទំនិញធុនធ្ងន់ទាំងអស់ នៅលើកំណាត់ផ្លូវលេខ២០១, ២០៩, ១០៨, ១០៩, ១១០ និងកំណាត់ផ្លូវជាតិលេខ២១ ចាប់ពីរង្វង់មូល លោកតាខ្មៅ ដល់ផ្លូវជាតិលេខ២១បេ(១១៥) ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ជាបណ្តោះអាសន្នចាប់ពី · ថ្ងៃទី ០៧ ដល់ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២១។ ដោយឡែកចំពោះរថយន្តគ្រួសារ (ទេសចរណ៍) អាចធ្វើចរាចរណ៍បានជាធម្មតា៕