រាជធានីភ្នំពេញ ៖ អាសូរណាស់ ដើមទ្រូងជាឪពុកពោះម៉ាយ មានកូនស្រីដល់ទៅ៣នាក់ ក្នុងបន្ទុក ខំប្រឹងធ្វើការ ដើម្បីកូន ទោះឈឺឬជាក៏មិនដែលត្អូញ ថ្ងៃឡើងរត់កង់បី លុះដល់យប់ក៏មិនបានសម្រាក ត្រូវមកធ្វើជាសន្តិសុខយាមនៅមុខធានាគារ ឲ្យគេទៀត ដើម្បីយកប្រាក់មកផ្គត់ផ្គង់ជីវភាព អកុលសទើបតែយាមបាន ៣យប់ប៉ុណ្ណោះ បែរជាគាំងបេះដូងស្លាប់នៅលើកង់បី ចោលកូនឲ្យកំព្រាទៅវិញ បង្កការភ្ញាក់ផ្អើលនៅម៉ោង ៦ និង១៥នាទីព្រឹក ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ ផ្លូវជាតិលេខ៥ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ឆឹង ឡាយ ភេទប្រុស អាយុ ៤១ឆ្នាំ ស្នាក់នៅបន្ទប់ជួល ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ភ្លាមៗបន្ទាប់ពីកើតហេតុ សមត្ថកិច្ចនគរបាលមូលដ្ឋាន សហការជាមួយនិងសមត្ថកិច្ចជំនាញ បានធ្វើការពិនិត្យសំណាក ទៅលើសាកសព និងព័ទ្ធខ្សែពិនិត្យ ធ្វើកោសល្យវិច័យទៅលើសាកសព បានឲ្យដឹងថា ជនរងគ្រោះគឺស្លាប់ដោយសារតែគាំងបេះដូង និងប្រគល់ឲ្យសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ។ ខណៈស្ត្រីម្នាក់ដែលជាសាច់ញាតិជនរងគ្រោះដែលមកដល់កន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះជាមនុស្សពោះម៉ាយ មានកូនស្រី៣នាក់ រាល់ថ្ងៃកំសត់ណាស់ ខំប្រឹងធ្វើការ ផ្ញើរកូននៅម៉ែឲ្យជួយមើល ចំណែកខ្លួនថ្ងៃរត់កង់បី យប់ឡើងក៏មិនបានសម្រាក ត្រូវរកលុយបន្ថែម ដោយធ្វើជាសន្តិសុខ យាមនៅមុខធានាគារ រហូតមកស្លាប់បែបនេះទៅវិញ ចោលកូនៗឲ្យនៅកំព្រា ។
សូមចូលរួមរំលែកទុក្ខផង ៕