រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោក ម៉ន វុធី អធិការខណ្ឌ បើកការស្រាវជ្រាវ ចាប់ខ្លួនបក្ខពួកជនដៃដល់ចំនួន៣នាក់ ដែលបានធ្វើសកម្មភាពវាយទៅលើយុវជនម្នាក់ ដែលកំពុងបណ្តើរម៉ូតូដែលបែកកង់ រកកន្លែងប៉ះ របួសធ្ងន់ធ្ងររហូតស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យពាក់កណ្តាលផ្លូវ ត្រូវបានគ្រួសារសាច់ញាតិ ប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ រកយុត្តិធម៌ជូនសពជនរងគ្រោះ។
ករណីហិង្សារហូតបណ្តាលឲ្យមានអ្នកស្លាប់នេះ បានកើតឡើងនៅម៉ោង៨ និង៣៥នាទីយប់ ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ ក្នុងភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ បន្ទាប់ពីកើតហេតុ និងរត់គេចខ្លួនបាន២ទៅ៣ថ្ងៃ ក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់បាន ៣នាក់ នៅថ្ងៃទី០៦ ដល់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ ក្នុងភូមិចែងម៉ែង សង្កាត់សំរោងក្រោម និងនៅក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ ដែលឃាត់ខ្លួនបានរួមមាន ៖
ទី១ ឈ្មោះវុទ្ធី ស៊ីឡន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរជាងឈើ ស្នាក់នៅភូមិកប់កណ្តឹង សង្កាត់ត្រពាំងក្រសាំង ។
ទី២ ឈ្មោះ ជេត វាយោ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិចែងម៉ែង សង្កាត់សំរោងក្រោម ។
ទី៣ ឈ្មោះធឿន សុខលីន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ ។
ចំណែកជនរងគ្រោះឈ្មោះ សួន ឃាង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរចុងភៅ ស្នាក់នៅផ្ទះជួលក្នុងភូមិចំការឪឡឹក សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើតនៅស្រុកព្រះស្តេច ខេត្តព្រៃវែង ។
សមត្ថកិច្ចបានបន្តឲ្យដឹងថា មុនពេលកើតហេតុ កាលពីយប់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ ជនសង្ស័យមួយក្រុម មានគ្នាប្រមាណ៨នាក់ ចេញពីកន្លែងផឹកស៊ី ប្រដាប់ដោយដំបង បានវាយទៅលើជនរងគ្រោះ ដែលកំពុងបណ្តើរម៉ូតូ ទៅរកកន្លែងប៉ះកង់ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ហើយនាំគ្នារត់គេចបាត់អស់ ចំណែកជនរងគ្រោះ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសុមៈ រហូតស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យពាក់កណ្តាលផ្លូវ និងបានប្តឹងសមត្ថកិច្ចចុះមកពិនិត្យភស្តុតាងនៅកន្លែងកើតហេតុ និងម៉ូតូជនរងគ្រោះដែលដួលនៅកន្លែងខាងលើ។
ក្រោយកើតហេតុ កម្លាំងនគរបាលជំនាញខណ្ឌពោធិសែនជ័យ ក្រោមបញ្ជាពីលោក ម៉ន វុធី អធិការខណ្ឌ បានបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ឈានដល់កំណត់បានមុខសញ្ញា ចាប់ខ្លួនជាបន្តបន្ទាប់ នៅក្នុងភូមិចែងម៉ែង សង្កាត់សំរោងក្រោម និងនៅក្នុងសង្កាត់ត្រពាំងក្រសាំង បន្ទាប់ពីរត់គេចខ្លួនបាន២ ទៅ៣ថ្ងៃ បញ្ជូនមកកាន់ផ្នែកជំនាញខណ្ឌ ដើម្បីសាកសួរនិងកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការតាមច្បាប់បន្តទៀត ។ ចំណែកសពត្រូវបានសមត្ថកិច្ចឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕