រាជធានីភ្នំពេញ ៖ បងថ្លៃ ដឹកប្អូនថ្លៃ មកលេងផ្ទះបង អកុលសបែរជាជួបគ្រោះថ្នាក់ចរាចរណ៍ ត្រូវបានរថយន្ត កុងតឺន័រ បុកនិងកិន ស្លាប់ម្នាក់យ៉ាងរន្ធត់ និងម្នាក់ទៀតរងរបួសធ្ងន់ ខណៈត្រូវបានបុរសម្នាក់ ធ្វើដំណើរតាមដងផ្លូវ បានឃើញផ្ទាល់ភ្នែក បុកនិងកិនយ៉ាងរន្ធត់ រហូតដេញតាមឃាត់រថយន្តបាន ក្រោយរថយន្តនេះព្យាយាមបើករត់ កាលពីវេលាម៉ោង១០យប់ ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់កាកាបទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋនិងក្រុមគ្រួសារ បានឲ្យដឹងថា បុរស២នាក់ ដែលរងគ្រោះនេះ ម្នាក់ជាបងថ្លៃ ម្នាក់ទៀតជាប្អូនថ្លៃ បានឌុបគ្នាមកលេងផ្ទះបង ដោយជិះម៉ូតូម៉ាកស្មាស់វី មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1V-8305 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតមកលិច មកដល់ត្រង់ចំណុចកើតហេតុ ក៏មានប្រភេទរថយន្តកុងតឺន័រ ធន់ធំ មួយគ្រឿង ដែលពាក់ស្លាកលេខ ភ្នំពេញ 3B-6633 បានបុកជាមួយនិងម៉ូតូជនរងគ្រោះទាំង២នាក់ រួចកិនពីលើ បណ្ដាលឲ្យម្នាក់រងរបួសធ្ងន់ និងម្នាក់ទៀតស្លាប់យ៉ាងរន្ធត់ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍របស់អធិការនគរបាលខណ្ឌពោរធិ៍សែនជ័យ បានមកដល់ ធ្វើការវាស់វែង យករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាតាមច្បាប់ និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕