រាជធានីភ្នំពេញ ៖ សង្ស័យករណីឃាតកម្មមួយបានកើតឡើងទាំងព្រឹក បង្កការភ្ញាក់ផ្អើលខ្លាំង ខណៈជនបរទេសប្រុសស្រីចំនួន៣នាក់ មិនដឹងជាកើតរឿងអ្វី បានយកកន្ត្រៃចាក់គ្នា បណ្តាលឲ្យស្លាប់មនុស្ស២នាក់ ក្នុងថ្លុកឈាមនៅនឹងកន្លែង ខណៈមន្ត្រីកងរាជអាវុហត្ថ ដែលចុះមកដល់ផ្ទាល់នៅទីតាំងកើតហេតុ បញ្ជាក់ថា បុរសដែលបានចាក់គេនោះ បានលោតចុះមកខាងក្រោម របួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយមិនទាន់ដឹងថា ស្លាប់ឬក៏អត់នោះទេ តែជាជំហ៊ានបឋមនោះ គឺស្លាប់២នាក់ នៅនឹងកន្លែង ។
ហេតុការណ៍ដ៍រន្ធត់នេះ បានកើតឡើងនៅវេលាម៉ោង ៧ព្រឹក ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចខុនដូរមួយកន្លែង ផ្ទះលេខ២៥ ផ្លូវ១០៣ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ជុំវិញករណីនេះ អង្គភាពTVFB បានទាក់ទងទៅកាន់លោក យិន សាន អធិការនគរបាលខណ្ឌចំការមន នៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ថៃទី១០ ខែកញ្ញា ឆ្នាំ២០២១ លោកបានបញ្ជាក់ថា ពេញនេះសមត្ថកិច្ចកំពុងធ្វើការជុំវិញករណីនេះ ។
ទោះបីជាយ៉ាងណា ដើមចម នៃករណីឃាតកម្ម ចាក់សម្លាប់គ្នា ហើយហក់ចុះក្រោម ស្លាប់២នាក់ក្នុងថ្លុកឈាម និងម្នាក់ទៀត រងរបួសធ្ងន់នេះ នៅមិនទាន់ដឹងថា ផ្តើមចេញពីរឿងអ្វីឲ្យប្រាកដ នៅឡើយទេ ខណៈបន្ទាប់ពីកើតហេតុ គេបានឃើញកងកម្លាំងមានសមត្ថកិច្ច ដែលរួមទាំងកម្លាំងកងរាជអាវុធហត្ថ មន្ត្រីនគរបាលព្រហ្មទណ្ឌ និងជំនាញផ្នែកចក្ខុកោសល្យវិច័យ ក៏បានចុះដល់ទីតាំងកើតហេតុ ដើម្បីធ្វើការពិនិត្យស្រាវជ្រាវ នៅទីតាំងកើតហេតុខាងលើផងដែរ ។
សម្រាប់ព័ត៌មានលម្អិតយើងនឹងUpdate ជូនបន្តទៀត ៕