រថយន្តហ៊ីយ៉ាន់ដាយបើកលឿន បុកម៉ូតូធូដេ រុញបោកផ្ទប់ជាមួយរថយន្តស្តារិច ស្លា...ប់.បុរសម្នាក់យ៉ាង..រ..ន្ធ..ត់ទាំងព្រលឹម
សន្តិសុខសង្គម
190

រាជធានីភ្នំពេញ ៖ បុរសម្នាក់ បានស្លាប់យ៉ាងរន្ធត់ខណៈកំពុងជិះម៉ូតូតាមដងផ្លូវ ត្រូវបានរថយន្ត ហ៊ីយ៉ាន់ដាយ ដែលសង្ស័យបើកបរក្នុងល្បឿនលឿន បុកពេញទំហឹង រុញផ្ទប់ជាមួយរថយន្តស្តារិច មួយគ្រឿង ដែលកំពុងបើកបរទន្ទឹមគ្នា បណ្តាលឲ្យរថយន្តនិងម៉ូតូទាំង៣គ្រឿង ខ្ទេចយ៉ាងដំណំតែម្តង បង្កការភ្ញាក់ផ្អើលខ្លាំងនៅវេលាម៉ោង ៦ និង៣៥នាទី ព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០២១ តាមបណ្តោយផ្លូវសម្តេចជា ស៊ីម កែងផ្លូវលេខ ២០១១ ក្នុងភូមិច្រេះ សង្កាត់ គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សពជនរងគ្រោះដែលស្លាប់មានឈ្មោះ ណេត ចាន់បុត្រ ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តបង្ក១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 3D-7872 បានធ្វើដំណើរតាមផ្លូវលេខ២០១១ ពីត្បូងទៅជើងសង្ស័យក្នុងល្បឿនលឿនបានបត់ស្តាំឡើងផ្លូវសម្តេច ជា ស៊ីម ជ្រុលចង្កូតទៅបុកម៉ូតូធូដេមួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1IV-8488 ជិះពីកើតទៅលិចផ្ទប់នឹងរថយន្តម៉ាកស្តារិច ពណ៌ទឹកប្រាក់ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2BJ-1721 ពេញទំហឹង បណ្តាលឲ្យបុរសអ្នកជិះម៉ូតូធូដេ ស្លាប់យ៉ាងរន្ធត់នៅនឹងកន្លែង ខណៈរថយន្តស្តារិច និងម៉ូតូ រងការខូចខាតយ៉ាងដំណំ រីឯអ្នកបើកបររថយន្ត បានចុះពីលើរថយន្ត គេចចេញបាត់ពីទីតាំងកើតហេតុ។

ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលមូលដ្ឋាន និងនគរបាលចរាចរណ៍ខណ្ឌសែនសុខ សហការជាមួយនគរបាលចរាចរណ៍ក្រុង បានចុះមកធ្វើការវាស់វែង យករថយន្ត និងម៉ូតូ សរុបទាំង៣គ្រឿង ទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត និងប្រគល់សពឲ្យសាច់ញាតិក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕


Telegram