រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង រវាងរថយន្តព្រូស បានបុកនិងកង់បីឥណ្ឌា បណ្ដាលឲ្យមានអ្នករបួសធ្ងន់ស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ កាលពីវេលាម៉ោង១០យប់ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ នៅសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ ដែលឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តព្រូស មួយគ្រឿង ដែលពាក់ស្លាកលេខ ភ្នំពេញ 2BH-3635 បើកបរតាមបណ្ដោយផ្លូវ ២៥៣ ក្នុងទិសដៅពីត្បូងទៅជើង មកដល់ចំណុចកើតហេតុ បានបុកគ្នាជាមួយនឹងរ៉ឺម៉កកង់បីឥណ្ឌា ក្នុងទិសដៅបញ្ច្រាសគ្នាបណ្ដាលឲ្យមានអ្នករងរបួសធ្ងន់និងស្រាល ត្រូវបានបងប្អូនប្រជាពលរដ្ឋ ទំនាក់ទំនង រថយន្តសង្គ្រោះបន្ទាន់មកដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
ក្រោយពេលកើតហេតុសមត្ថកិច្ច បានធ្វើការវាស់វែងយករថយន្តនិងម៉ូតូកង់បី យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីរង់ចាំភាគីទាំងសងខាង ចូលមកដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ៕