រាជធានីភ្នំពេញ ៖ ករណីទំនាស់ក្នុងគ្រួសារមួយបានកើតឡើង រហូតឈានដល់ការប្រទាញប្រទង់ កាំបិតនិងកន្ត្រៃ ចាក់សម្លាប់ប្អូនបង្កើត និងប្អូនថ្លៃស្លាប់ទាំង២នាក់ ក្នុងថ្លុកឈាម ខណៈជនដៃដល់ក៏របួសដូចគ្នា រួចហើយ ជនដៃដល់ជាបងថ្លៃនោះ ក៏បានលោតទម្លាក់ខ្លួនពីលើខុនដូរ ជាន់ទី១ ចុះមកក្រោម បំណងសម្លាប់ខ្លួនតាមក្រោយ តែមិនស្លាប់ រងរបួសធ្ងន់ធ្ងរខ្លាំង ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។
ហេតុការណ៍ដ៍រន្ធត់នេះ បានកើតឡើងនៅវេលាម៉ោង ៧ព្រឹក ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចខុនដូរមួយកន្លែងដែលមានកម្ពស់៥ជាន់ ផ្ទះលេខ២៥ ផ្លូវ១០៣ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ទាំង២នាក់រួមមាន ៖ ទី១ឈ្មោះ Jerry Cervanez ភេទប្រុស អាយុ ៤៣ឆ្នាំ មុខរបរទីផ្សារពាណិជ្ជកម្មអនឡាញ ស្នាក់នៅកន្លែងកើតហេតុ និងទី២ឈ្មោះ Grae Vabes Ceevanez ភេទស្រី អាយុ៤១ឆ្នាំ មុខរបរទីផ្សារអនឡាញ ស្នាក់នៅកន្លែងកើតហេតុ ដែលត្រូវជាប្តីប្រពន្ធនិងគ្នា ។ ចំណែកជនដៃដល់ មានឈ្មោះ Vun Yabes ភេទប្រុស អាយុ៥៩ឆ្នាំ មុខរបរម្ចាស់ទីតាំងកើតហេតុ (រងរបួសធ្ងន់) ត្រូវជាបងបង្កើត និងជាបងថ្លៃ របស់ជនរងគ្រោះទាំង២នាក់ ភ្លាមៗត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យខេម៉ា ។ អ្នកទាំង៣ ជាជនជាតិហ្វីលីពីន ។
សមត្ថកិច្ចបានបន្តឲ្យដឹងទៀតថា មុន ពេល កើតហេតុ ជន រង គ្រោះ ទាំង ២ នាក់ ប្តី ប្រពន្ធ បាន មក អង្គុយ តុ ហូប បាយ ពេល ព្រឹក ជុំ គ្នា ជាមួយ នឹងជនដៃដល់ ដែលជាបង្កើតនិងជាបងថ្លៃ ក្នុង បន្ទប់ បាយ ខាងលើ ពេលនោះក៏មានឈ្លោះប្រកែកគ្នាខ្លាំង រហូតឈានដល់ការផ្ទុះហិង្សាយកកាំបិត និងកន្ត្រៃ ប្រតាយប្រតប់ ចាក់ គ្នាតែម្តង បណ្តាលឲ្យ ស្ត្រី រង គ្រោះជា ប្អូនស្រី បង្កើត ត្រូវ មួយ កាំបិត នៅ ក្រោម ដោះ ខាងឆ្វេង និង ប្អូនថ្លៃ ត្រូវ ចំនួន ២ កាំបិត ដោយ មួយ កាំបិត ចំ ក្រោម ដោះ ខាងឆ្វេង និង មានកូន កាំបិត ១ ដោត ជាប់ ចុងដង្ហើម ស្លាប់ទាំង២នាក់តែម្តង។ ចំណែកបុរសជាបងនោះ ក៏រងរបួសដូចគ្នា រួចហើយក៏បានលោត តាម បង្កាន់ដៃ ចុះ មក ក្រោម ដោយដៃបានកាន់តោងបង្កាន់ដៃប្រឡាក់សុទ្ធតែឈាម បណ្តាល ឲ្យរងរបួសធ្ងន់ធ្ងរ ផងដែរ។
ក្រោយកើតហេតុ គេឃើញមានទាំងកម្លាំងកងរាជអាវុធហត្ថខណ្ឌចំការមន នគរបាលព្រហ្មទណ្ឌខណ្ឌចំការមន និងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រួមទាំងគ្រូពេទ្យកោសល្យវិច័យក្រុង បានចុះមកដល់ទីតាំងកើតហេតុ ហ៊ុព័ទ្ធខ្សែ នៅចំណុចកើតហេតុខាងលើ និងបានរកឃើញ កូនកាំបិត និងកន្ត្រៃ នៅកន្លែងកើតហេតុផងដែរ ។
ក្នុងនោះ បើតាមការសន្និដ្ឋានរបស់សមត្ថកិច្ចជុំហ៊ានដំបូងគឺជាករណីហិង្សារក្នុងគ្រួសារ ព្រោះជនរងគ្រោះនឹងជនសង្ស័យត្រូវជាបងប្អូននឹងគ្នា ខណៈសពជនរងគ្រោះទាំង២នាក់ ប្តីប្រពន្ធ ត្រូវបានសមត្ថកិច្ចដឹកយកទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យ ដើម្បីរង់ចាំសាច់ញាតិមកទទួលធ្វើបុណ្យតាមប្រពៃណី ខណៈជនដៃដល់ជាបង ក៏កំពុងសង្គ្រោះបន្ទាន់ផងដែរ ៕