រាជធានីភ្នំពេញ ៖ ករណីឃាតកម្មមួយបានកើតឡើងទាំងព្រឹកតែម្តង បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយបុរសម្នាក់ បានយកកាំភ្លើង មកបាញ់សម្លាប់នារីជាសង្សារដែលរស់នៅក្នុងបន្ទប់ជាមួយគ្នា ដូចប្តីប្រពន្ធទៅហើយ ត្រូវចំបំពង់ក ធ្លាយមកដើមទ្រូង បណ្តាលឲ្យស្លាប់យ៉ាងរន្ធត់នៅក្នុងថ្លុកឈាមរួចហើយបុរសជាជនដៃដល់រូបនោះ ក៏បានយកកាំភ្លើងមកបាញ់ក្បាលខ្លួនឯង ចំសៀតផ្កា ធ្លាយពីម្ខាងទៅម្ខាងទៀត ស្លាប់គរដេកអោបនៅលើគ្នា យ៉ាងរន្ធត់ នៅក្នុងថ្លុកឈាម តែម្ដង ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង១០នាទីព្រឹក ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចអាគារ២អា ជាន់ទី២ បន្ទប់លេខ៣១ ផ្លូវលេខ៩០ កែងនឹងផ្លូវព្រះស៊ីសុវត្ថិ ក្រុម១៦៣ ភូមិ១១ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
បើតាមរបាយការណ៍ពីសមត្ថកិច្ច ដែលក្រុមការងារទទួលបាននៅទីតាំងកើតហេតុ បានឲ្យដឹងថា ករណីនេះ បណ្តាលមកពីបុរសម្នាក់ឈ្មោះ ឌុច សុធា ដែលមានមុខរបរជាសន្តិសុខយាមនៅអាគារខាងលើ បានប្រើអាវុធខ្លីម៉ាក 54 បាញ់សម្លាប់នារីជាគូស្នេហ៍ ដែលមានឈ្មោះ ទូច សំអាង ហៅម៉ាក់ស្រីកា អាយុជាង៤០ឆ្នាំ ជាស្ត្រីមេម៉ាយមានកូនប្រុស ស្រី៣ នាក់ប្តីស្លាប់ និងមានមុខរបរលក់ដូរ និងស្នាក់នៅម្តុំកន្លែងកើតហេតុដែរ មួយគ្រាប់ត្រូវចំបំពង់ក ធ្លាយមកដើមទ្រូង ស្លាប់រួចហើយបុរសជាជនដៃដល់រូបនោះ ក៏បានយកកាំភ្លើងមកបាញ់ក្បាលខ្លួនឯង ចំសៀតផ្កា ធ្លាយពីម្ខាងទៅម្ខាងទៀត ស្លាប់ដេកអោបគ្នាតែម្តង ។
បើតាមសម្តីរបស់សមត្ថកិច្ចជំនាញនៅទីតាំងកើតហេតុផ្ទាល់ បានប្រាប់មកក្រុមការងារTVFB ឲ្យដឹងថា ការបាញ់សម្លាប់គ្នានេះ កើតឡើងតាំងពីយប់មកម្ល៉េះ តែមិនដឹងថាកំឡុងម៉ោងប៉ុន្មាននោះទេ ខណៈមានគេបានលឺសំឡេងអ្នកទាំង២ តែងតែឈ្លោះប្រកែកគ្នា ជាញឹកញាប់ រឿងប្រច័ណ្ឌ ព្រោះទើបតែសេពគប់ជាមួយគ្នាប៉ុណ្ណោះ លុះព្រឹកឡើងក៏ប្រទះឃើញសពតែម្តង ។
ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើកោសល្យវិច័យទៅលើសាកសព និងបានប្រគល់ឲ្យសាច់ញាតិក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕