ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្ហាញវីដេអូកាមេរ៉ាសុវត្ថិ បញ្ជាក់ពីការល្មើសចំនួន៥ចំណុចរបស់នារី ដែលចោទថាប៉ូលិសវាយបែកក្បាល អាចត្រូវផ្តន្ទាទោសជាប់ពន្ធនាគារ និងត្រូវផាកពិន័យផងដែរ
សន្តិសុខសង្គម
930

រាជធានីភ្នំពេញ ៖ យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានកិត្តិសជម្រាបជូនមហាជន ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យបានជ្រាបច្បាស់ អំពីដើមហេតុដែលបង្កឱ្យស្ត្រីម្នាក់ធ្លាក់ពីលើម៉ូតូរងបួសត្រង់ក្បាល នៅត្រង់ចំណុចផ្លូវនេរុ ខណ្ឌ៧មករា កាលពីយប់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១។

ស្របពេលដែលសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា កំពុងតែអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ និងត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅគោលដៅផ្លូវនេរុ នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១៩:២០នាទីយប់ ក៏មានម៉ូតូមួយគ្រឿងម៉ាកស្កូពីពណ៌សលាយឈូក ផ្លាកលេខភ្នំពេញ 1IQ. 3087 កំពុងបេីកបរពីត្បូងទៅជើង ដោយបុរសម្នាក់ជាអ្នកបើកបរដឹកស្ត្រីម្នាក់ ដោយឃេីញអ្នកបេីកបរ និងអ្នករួមដំណេីរមិនមានពាក់មួក សមត្ថកិច្ចក៏បានចេញឃាត់ ឃើញដូច្នេះអ្នកបើកបរល្មើសច្បាប់រូបនោះ បានបើកត្រឡប់ក្រោយក្នុងល្បឿនលឿនក្នុងគោលបំណងរត់គេចពីការត្រួតពិនិត្យរបស់សមត្ថកិច្ច ពេលនោះមន្ត្រីប្រចាំការនៅដេីមទី បានចេញលើកដៃក្នុងគោលបំណងឃាត់ ឱ្យឈប់ដើម្បីធ្វើការសាកសួរ ត្រួតពិនិត្យ និងធ្វើការផាកពិន័យតាមច្បាប់ ប៉ុន្តែជនបើកបរល្មើសមិនបានឈប់ ថែមទាំងបានបន្ថែមល្បឿនទៅបុកនឹងគម្របលូនៅចិញ្ចេីមផ្លូវ ដែលបណ្តាលឱ្យអ្នករួមដំណើរខាងក្រោយធ្លាក់ពីលើម៉ូតូ រងរបួសបែកក្បាល

ដោយផ្អែកលេីមូលដ្ឋានច្បាប់ អ្នកបើកបរបានល្មើសនឹងចំណុចមួយចំនួនដូចខាងក្រោម :

១. បេីកបរមិនពាក់មួកសុវត្ថិភាព ទាំងអ្នកបើកបរ និងអ្នករួមដំណើរ

២. បើកបរបញ្ច្រាសទិស

៣. បើកបរលើសល្បឿនកំណត់ (40km/h)

៤. បេីកបរក្នុងល្បឿនលឿនក្នុងគោលបំណងបុកសមត្ថកិច្ច កំពុងអនុវត្តច្បាប់

៥. បេីកបរត្រឡប់ក្រោយមានបំណងរត់គេចពីសមត្ថកិច្ច ដោយមិនឱ្យសមត្ថកិច្ចធ្វើការត្រួតពិនិត្យ និងផាកពិន័យតាមច្បាប់ ៕

ដោយយោង មាត្រា៧៦ នៃច្បាប់ចរាចរណ៍ផ្លូវ និងមាត្រាទី៥៤១ នៃច្បាប់ក្រមព្រហ្មទណ្ឌ ផ្អែកតាមកំហុសដូចបានបញ្ជាក់ខាងលើអ្នកបើកបរអាចត្រូវផ្តន្ទាទោសជាប់ពន្ធនាគារ និងត្រូវផាកពិន័យផងដែរ ។

យោងលើចំណុចដូចបានបញ្ជាក់ជូនខាងលើ សមត្ថកិច្ចរីករាយទទួលយកនៅការចូលរួមមតិរបស់បងប្អូនប្រជាពលរដ្ឋ ។

និយាយជារួមបើអ្នកបើកបរមិនល្មើស មិនបើករត់ នោះរឿងហេតុដែលបង្កឱ្យគ្រោះថ្នាក់ក៏មិនកើតមានឡើងឡើយ ៕


Telegram