រាជធានីភ្នំពេញ ៖ រថយន្តកុងតឺន័រមួយគ្រឿង ត្រូវបានម៉ូតូឌ្រីមសេ១២៥ មួយគ្រឿង បុកពីក្រោយផ្តាច់យកអាយុជីវិតបុរសម្នាក់យ៉ាងរន្ធត់ កាលពីវេលាម៉ោង៨យប់ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ លើផ្លូវជាតិលេខ៥ ក្នុងទឹកដីខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ រថយន្តកុងតឺន័រ មួយគ្រឿង ក្បាលពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 3A-9071 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥ ពីជើងមកត្បូង ក្នុងល្បឿនលឿនមធ្យម លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមាន ម៉ូតូម៉ាកហុងដាឌ្រីមសង់សេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅពាក់ស្លាកលេខ កំពង់ឆ្នាំង 1J-8158 ជិះដោយបុរសម្នាក់ ធ្វើដំណើរស្របគ្នា ក្នុងទិសដៅពីជើងមកត្បូង ក្នុងល្បឿនយ៉ាងលឿន ជ្រុលចង្កូតទៅបុករថយន្តកុងតឺន័រពីក្រោយ ពេញទំហឹង បណ្តាលឲ្យស្លាប់ភ្លាមៗ។ ចំណែករថយន្តកុងតឺន័រ បន្តបើករត់គេចទៅមុខ តែត្រូវបានសមត្ថកិច្ចខណ្ឌព្រែកព្នៅ តាមឃាត់បានទាំងមនុស្សទាំងរថយន្ត ។
សាកសពជនរងគ្រោះត្រូវបានគេស្គាល់មានឈ្មោះ ស៊ុនវេហា ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរបម្រើការងារនៅក្រុមហ៊ុនស្រាបៀរ មួយកន្លែង ដោយមានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានទាក់ទងទៅសមត្ថកិច្ចក្រុង ចុះមកធ្វើការវាស់វែង យករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមច្បាប់ និងប្រគល់សពទៅឲ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី៕