ខេត្តកណ្តាល ៖ យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យដឹងថា មុខសញ្ញាឆក់សកម្ម ដែលធ្លាប់ចេញធ្វើសកម្មភាព ១០លើក មកហើយ ត្រូវបានកម្លាំង ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកមុខកំពូល ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ស្រាវជ្រាវបង្ក្រាបបាន កាលពីវេលាម៉ោង ៤និង០៦នាទី ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ នៅផ្លូវជាតិលេខ៦ ក្នុងភូមិជ្រោយមេត្រីក្រោម ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល។
សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះ សែម ពុធធានី ភេទស្រី អាយុ២០ឆ្នាំ មុខរបរបុគ្គលិកធានាគារ អេស៊ីលីដា (ស្នាក់ការព្រែកអញ្ចាញ) ស្នាក់នៅភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។
ចំណែកជនសង្ស័យមានចំនួន២នាក់ រួមមាន ៖
១.ឈ្មោះ ភ័ស គឹមស្រុង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិឈើទាល ឃុំ ព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល (ឃាត់ខ្លួន)។
២.ឈ្មោះ ឃឿន ម៉េងឃាង ហៅប្លោក ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិព្រែកថ្មី ឃុំ ព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល (ឃាត់ខ្លួន)។
ក្នុងនោះសម្ភារៈបាត់បង់រួមមាន ប្រាក់ចំនួន១០ម៉ឺនរៀល , ទូរស័ព្ទម៉ាកoppo ០១គ្រឿង, ថេប ប្លេត ០១គ្រឿង, កាបូប កាន់ដៃ ពណ៍ខ្មៅ ០១ និងឯកសារធានាគារ មួយចំនួនទៀត និង ដកហូតបាន ម៉ូតូម៉ាកនិច ពណ៌ស ស៊េរីឆ្នាំ២០១៤ គ្មានស្លាកលេខចំនួន០១គ្រឿង។
សូមបញ្ជាកើថា នៅថ្ងៃទី០៩.០៩.២០២១ វេលាម៉ោង១៩.៣០នាទី មុខសញ្ញាបានប្រមូលផ្ដុំគ្នា ជួបជុំផឹកស៊ី ជាក្រុមមានគ្នាជាង១០នាក់ ភ្លាមនោះសមត្ថកិច្ចយើងក៏ធ្វើការឡោមព័ទ្ធឃាត់ខ្លួនក្រុមអ្នកផឹកស៊ីបានចំនួន០៦អ្នក។
ក្នុងពេលនោះសមត្ថកិច្ច ឃាត់ខ្លួនមុខសញ្ញាចាស់ ម្នាក់ ឈ្មោះ ភ័ស គឹមស្រុង ។ មុខសញ្ញាឈ្មោះ ភ័ស គឹមស្រុង បានឆ្លើយសារភាពថា÷ នៅក្នុងឆ្នាំ២០២១ ខ្លួននិងបក្ខពួក ធ្លាប់ធ្វើសកម្មភាពឆក់កាបូប និងទូរស័ព្ទ តាមបណ្ដោយផ្លូវជាតិលេខ៦ ចាប់ពីចំណុចស្ពានលេខ១១ រហូតដល់ផ្លូវបំបែកប្រាំព្យាម ឃុំព្រែកដំបង ស្រុកមុខកំពូល សរុបចំនួន១០លើក ។
ចំណែកថ្មីៗនេះ កាលពីថ្ងៃទី០៦.០៩.២០២១ វេលាម៉ោង១៤.០៤នាទី ខ្លួននិងបក្ខពួកឈ្មោះ គ្រី ទីណា ហៅខ្នា និងឈ្មោះ ឃឿន ម៉េងឃាង ហៅប្លោក បានធ្វើសកម្មភាពឆក់កាបូប របស់ស្ដ្រីម្នាក់ នៅតាមបណ្ដោយផ្លូវជាតិលេខ៦ ភូមិជ្រោយមេត្រីលើ ឃុំឬស្សីជ្រោយ ។ មធ្យោបាយធ្វើសកម្មភាព ម៉ូតូចំនួន០២គ្រឿង ម៉ូតូម៉ាកនិចពណ៌ស ស៊េរីឆ្នាំ២០១៤ របស់ឈ្មោះ ឃឿន ម៉េងឃាង ហៅប្លោក និងម៉ូតូម៉ាកហុងដាC125 ពណ៌ខ្មៅស៊េរីឆ្នាំ២០១៣ របស់ឈ្មោះ ម៉ុយ ខ្លុន បណ្ដាលឱ្យជនរងគ្រោះដួលម៉ូតូរងរបួស។
ចំពោះសកម្មភាពឆក់កាលពីថ្ងៃទី៣០.០៨.២០២១ វេលាម៉ោង០៩.២០នាទីនៅចំណុចខាងជើងស្នាក់ការបក្ស ស្ថិតនៅភូមិកណ្ដាល ឃុំព្រែកអញ្ចាញ គឺឈ្មោះ គ្រី ទីណា ហៅខ្នា និងឈ្មោះ ម៉ុយ ខ្លុន ជាអ្នកធ្វើសកម្មភាពឆក់ ខ្លួនមិនបានចូលរួមទេ។
លុះមកដល់ថ្ងៃទី១០.០៩.២០២១ វេលាម៉ោង១១.០០ នាទី កម្លាំងជំនាញបានបន្តឃាត់ ខ្លួនមុខសញ្ញាឈ្មោះ ឃឿន ម៉េងឃាង ហៅប្លោក ម្នាក់ទៀត រួមនិងមធ្យោបាយម៉ូតូម៉ាកនិចពណ៌ស គ្មានស្លាកលេខ ចំនួន០១គ្រឿង ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា÷កាលពីឆ្នាំ២០១៨ ខ្លួនធ្លាប់ជាប់ពន្ធនាគារ ចំនួន១៨ខែ ចេញមកវិញនៅក្នុងឆ្នាំ២០២០ ពីបទ លួចមានស្ថានទម្ងន់ទោស(ឆក់កាបូប) ក្រោយចេញ ពីពន្ធនាគារ ខ្លួននិងបក្ខពួកខាងលើធ្លាប់បានធ្វើសកម្មភាពឆក់កាបូបនិងទូរស័ព្ទជាមួយគ្នាបន្ដបន្ទាប់ ហើយកាលពីថ្ងៃទី០៦.០៩.២០២១វេលាម៉ោង១៤.០៤នាទី ខ្លួននិងបក្ខពួកឈ្មោះ ភ័ស គឹមស្រុង ឈ្មោះ គ្រី ទីណា ហៅខ្នា និងឈ្មោះ ម៉ុយ ខ្លុន បាន នាំគ្នាធ្វើសកម្មភាពឆក់កាបូប របស់ជនរងគ្រោះ នៅលើផ្លូវជាតិលេខ៦ ចំណុចភូមិជ្រោយមេត្រីក្រោម ឃុំឬស្សីជ្រោយ ដោយមធ្យោបាយម៉ូតូចំនួន០២ គ្រឿង ម៉ូតូម៉ាកនិចពណ៌ស របស់ខ្លួនចំនួន០១គ្រឿង និងម៉ូតូម៉ាកហុងដាC125 ពណ៌ខ្មៅស៊េរីឆ្នាំ២០១៣ របស់ឈ្មោះ ម៉ុយ ក្លុន ដោយឈ្មោះ ទ្រី ទីណា ហៅខ្នា និងឈ្មោះម៉ុយ ខ្លុន ជាអ្នកជិះម៉ូតូម៉ាកនិច ធ្វើសកម្មភាពឆក់ ចំណែកខ្លួននឹងឈ្មោះ ភ័ស គឹមស្រុង ជិះម៉ូតូម៉ាកហុងដាC125 ពណ៌ខ្មៅស៊េរីឆ្នាំ២០១៣ បិទគូទពីក្រោយ ។
ពេលនេះកម្លាំងជំនាញ កំពុងកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់បន្តទៀត៕