ខេត្តបន្ទាយមានជ័យ ៖ យោងតាមផេក នាយកដ្ឋានផ្សព្វផ្សាយអប់រំ បានឲ្យដឹងថា បុរសម្នាក់បានស្លាប់ដោយចរន្តអគ្គីសនីឆក់ ខណៈពេលសរសរបង្គោលទល់ខ្សែភ្លើងរលំដួល ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង០១និង៤០នាទីរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ នៅចំ ណុចផ្លូវលំខាងកើតវិមានស្បូវ ស្ថិតក្នុងភូមិចក សង្កាត់ព្រះពន្លា ក្រុងសិរី សោភ័ណ ខេត្តបន្ទាយមានជ័យ។
នគរបាលក្រុងសិរីសោភ័ណ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឈុន ចាក់ដេត ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិចក សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។ បើតាមការបំភ្លឺពីឈ្មោះ ហឹម ស៊ីថា ភេទស្រី អាយុ៣២ឆ្នាំ(ជាប្រពន្ធ) បានឲ្យសមត្ថកិច្ចដឹងថា នៅមុនពេលកើតហេតុ ប្តីរបស់គាត់ បានស្លៀកតែក្រម៉ា មិនបានពាក់អាវ ទៅលើកបង្គោលសសរឈើទល់ខ្សែរភ្លើង ដួលជាប់និងមាត់ទឹក ចំងាយពីរបងដីខាងមុខផ្ទះប្រហែល១០ម ចុះក្នុងទឹកប្រឡាយហើយទាញខ្សែរភ្លើងក៏ឆក់តែម្តង ពេលនោះខ្ញុំបានលោតទៅជួយ និងហៅអ្នកភូមិក្បែរនោះមកជួយទាញយកគាត់មកលើគោកនិងដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណ ពេលដឹកទៅដល់គ្រូពេទ្យពិនិត្យនិងប្រាប់ថាប្តីរបស់ខ្ញុំបានស្លាប់ទៅហើយ បើតាមការពិនិត្យមើលខ្សែភ្លើងម្ខាងបានដាច់ជ័រដែលស្រោប ចេញខ្សែលួសចំនួន០២កន្លែង ហើយក្នុងពេល គាត់ចុះទៅលើកសសរបង្គោលខ្សែភ្លើងនោះ មិនបានទៅបិទគុបភ្លើងទេ។
ប្រភពដដែលបានបន្តថា តាមការស្រាវជ្រាវជុំវិញកន្លែងកើតហេតុ មាននគរបាលជំនាញកោសល្យវិច្ឆ័យ លោកមេប៉ុស្ដិ៍ លោកមេភូមិ ព្រមទាំងបងប្អូនក្រុមគ្រួសារសព បញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារឆក់ខ្សែភ្លើងពិតប្រាកដមែន។ ក្រោយពិនិត្យរួចបានប្រគល់ឲ្យទៅក្រុមគ្រួសារចាត់ ចែងធ្វើបុណ្យតាមប្រពៃណី៕