រាជធានីភ្នំពេញ ៖ មេឃកំពុងធ្លាក់ភ្លៀងខ្លាំង បុរសជនបរទេសម្នាក់ បើករថយន្ត Jeep មួយគ្រឿងលឿនដូចហោះ ចុះស្ពានជ្រោយចង្វា បុករ៉ឺម៉កដឹកផ្លែឈើមួយគ្រឿងពីក្រោយពេញទំហឹង របួសធ្ងន់ម្នាក់ នៅរង្វង់មូលព្រហ្មមុខបួន ចំណែកអ្នកបើកបររថយន្ត ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន បញ្ជូនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលខណ្ឌជ្រោយចង្វារ ដើម្បីសាកសួរភ្លាមៗផងដែរ កាលពីវេលាម៉ោង ១និង៥០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចអន្តរាគមន៍ខណ្ឌជ្រោយចង្វាបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញប្រុសម្នាក់ បើកម៉ូតូរម៉កដឹកផ្លែឈើមួយគ្រឿង ដែលពាក់ស្លាកលេខ ព្រៃវែង 1J-5378 ធ្វើដំណើរចុះពីលើស្ពានជ្រោយចង្វា ស្រាប់តែមានរថយន្តស៊េរីទំនើបម៉ាក Jeep មួយគ្រឿង ដែលពាក់ស្លាកលេខ កម្ពុជា ANGE .K. L ធ្វើដំណើរចុះពីលើស្ពានយ៉ាងលឿន បានបុករ៉ឺម៉កដឹកផ្លែឈី ពីក្រោយពេញមួយទំហឹង បណ្ដាលឲ្យមនុស្សនិងរម៉ក អូសជាង ៥០ម៉ែត្រ បណ្ដាលឲ្យរងរបួសធ្ងន់បាក់ជើង ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅមុន្ទីពេទ្យដើម្បីធ្វើការសង្គ្រោះបន្ទាន់ភ្លាមៗ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍របស់អធិការនគរបាលខណ្ឌជ្រោយចង្វារបានធ្វើការទំនាក់ទំនងឲ្យសមត្ថកិច្ចជំនាញចរាចរណ៍ របស់ស្នងការនគរបាលរាជធានីភ្នំពេញ ធ្វើការវាស់វែងនិងស្ទូចយករថយន្តស៊េរីទំនើបខាងលើ និងរម៉កដឹកផ្លែឈើ យកទៅរក្សាទុកនៅ ស្នងការចរាចរណ៍ផ្លូវគោក ។ ចំណែកឯជនបរទេសដែលបើករថយន្តស៊េរីទំនើបខាងលើ ក៏ត្រូវបានសមត្ថកិច្ចជំនាញធ្វើការឃាត់ខ្លួនបញ្ជូនទៅប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីសាកសួរផងដែរ ៕