គ្រឹះស្ថានសិក្សាកម្រិតអនុវិទ្យាល័យ និងវិទ្យាល័យនៅរាជធានីភ្នំពេញដែលត្រូវបើកដំណើរការឡើងវិញនៅព្រឹកមិញនេះ
សន្តិសុខសង្គម
223

រាជធានីភ្នំពេញ ៖ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញនៅព្រឹកថ្ងៃពុធ ០៩កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ បានអញ្ជើញចុះពិនិត្យការបើកឡើងវិញនូវគ្រឹះស្ថានអប់រំចំណេះដឹងទូទៅសាធារណៈ និងឯកជន កម្រិតចាប់ពីអនុវិទ្យាល័យ និងវិទ្យាល័យ ក្នុងរាជធានីភ្នំពេញ ដែលជាថ្ងៃដំបូងនៃការបើកសាលារៀនឡើងវិញ។

លោក ឃួង ស្រេង បានប្រសាសន៍ថា គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន សម្រាប់កម្រិតអនុវិទ្យាល័យនិងវិទ្យាល័យទាំងអស់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវបានអនុញ្ញាតឱ្យដំណើរការឡើងវិញ ចាប់ពីថ្ងៃពុធថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០២១ នេះតទៅ និងក្រោយពេលដែលគ្រឹះស្ថានសិក្សានីមួយៗបានត្រៀមលក្ខណសម្បត្តិគ្រប់គ្រាន់ស្របតាមគោលការណ៍ប្រតិបត្តិស្តង់ដារ (SOP) របស់ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសុខាភិបាល និងតាមការណែនាំ របស់រដ្ឋបាលរាជធានីភ្នំពេញផងដែរ ។

លោក ឃួង ស្រេង បានបន្តថា គ្រឹះស្ថានសិក្សាកម្រិតអនុវិទ្យាល័យ និងវិទ្យាល័យនៅរាជធានីភ្នំពេញដែលត្រូវបើកដំណើរការឡើងវិញនៅថ្ងៃនេះ មានចំនួនសរុប២២៧ទីតាំង (គ្រឹះស្ថានសាធារណៈ៦៨ទីតាំង និងគ្រឹះស្ថានឯកជនចំនួន១៥៩ទីតាំង) មានលោកគ្រូ-អ្នកគ្រូ និងបុគ្គលិកអប់រំបម្រើការងារចំនួន ១០.៤៤៣ នាក់ និងមានសិស្សានុសិស្សត្រូវចូលរៀនវិញចំនួន ១៣៩.៥៧៨ នាក់ ៕

រដ្ឋបាលរាជធានីភ្នំពេញ សូមបញ្ជាក់ថា ចំពោះគ្រឹះស្ថានអប់រំសាធារណៈ និងឯកជន ទាំងឡាយដែលត្រូវបានអនុញ្ញាតឱ្យដំណើរការឡើងវិញ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) សម្រាប់ដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ ក្នុងបរិបទនៃជំងឺកូវីដ-១៩ ចុះថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ របស់ក្រសួងអប់រំយុវជន និងកីឡា និងសេចក្តីណែនាំលេខ ០២៣ សណន ចុះថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីវិធានការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចំពោះការបើកដំណើរការឡើងវិញនូវគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ៕


Telegram