រាជធានីភ្នំពេញ ៖ ម៉ូតូសណ្តោងរឺម៉ក មួយគ្រឿង បើកចុះពីលើស្ពាន៧មករា ក្នុងល្បឿនយ៉ាងលឿន ចាប់ហ្រ្វាំងមិនស៊ី ជ្រុលទៅបុករថយន្តឡិចស៊ីសRX400h បើកបត់ បណ្តាលអោយរងការខូចខាតមួយចំហៀងខាងស្តាំ យ៉ាងដំណំ តែសំណាងល្អមិនបណ្តាលអោយមនុស្សណាម្នាក់រងរបួសនោះទេ បង្កការភ្ញាក់ផ្អើលនៅម៉ោង២និង១៥នាទី រសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ នៅផ្លូវមហាវិថីកម្ពុជាក្រោម កែងផ្លូវលេខ២៦៥ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកឡិចស៊ីសRX400h មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាក់លេខ ភ្នំពេញ 2BC-9565 ធ្វើដំណើរតាមបណ្តោយផ្លូវមហាវិថីកម្ពុជាក្រោម ក្នុងទិសដៅពីកើតទៅលិច ខណៈពេលមកដល់ចំណុចកើតហេតុ បានស៊ីញ៉ូបត់ឆ្វេងបានពាក់កណ្តាលផ្លូវ ស្របពេលនោះក៏មានម៉ូតូសណ្តោងរឺម៉កមួយគ្រឿង ចុះពីលើស្ពាន៧មករា តាមបណ្តោយផ្លូវមហវិថីកម្ពុជាក្រោម ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿងយ៉ាងលឿនចាប់ហ្រ្វាំងមិនស៊ី ក៏ជ្រុលចង្កូតទៅបុករះចំទ្វារក្រោយនិងទ្វារមុខរងការខូចខាតមួយចំហៀងផ្នែកខាងស្តាំ យ៉ាងដំណំ តែសំណាងល្អក្នុងហេតុការណ៍នោះមិនបង្កអោយមនុស្សណាម្នាក់រងរបួសនោះឡើយ។
ក្រោយពេលកើតហេតុ គេឃើញមានកម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ រួចធ្វើការវាស់វែងយករថយន្តនិម៉ូតូសណ្តោងរ៉ម៉កទាំង២គ្រឿងដាក់អែបចិញ្ចើមផ្លូវដើម្បីអោយភាគីទាំងសងខាងធ្វើការដោះស្រាយគ្នានៅកន្លែងកើតហេតុ៕ នង មឿន