សមត្ថកិច្ច ចុះរៀបចំសណ្តាប់ធ្នាប់រំដោះផ្លូវ០១ខែ្ស នៅក្នុងខណ្ឌ៧មករា រំដោះការស្ទះ និងឲ្យមានរបៀបរៀបរយឡើងវិញ ខណៈអាជីវករមួយចំនួន នៅតែចចេសរឹងរួស
សន្តិសុខសង្គម
388

រាជធានីភ្នំពេញ ៖ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នគរបាលការិយាល័យសណ្តាប់ធ្នាប់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរខណ្ឌ៧មករា រាជធានីភ្នំពេញ បានប្រើប្រាស់វិធានការក្តៅចុះរៀបចំសណ្តាប់ធ្នាប់រំដោះផ្លូវ០១ខែ្ស នៅក្នុងខណ្ឌ៧មករា ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ និង ឱ្យមានរៀបរយឡើងវិញ និង នៅគ្រាដែលអាជីវករមួយចំនួន នៅតែចចេសរឹងរួស បន្តយកទ្រូងផ្លូវធ្វើអាជីវកម្មបង្ក ឲ្យប៉ះពាល់សណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ និងប៉ះពាល់សោភ័ណភាពទីក្រុង ។

ក្រោយពីអាជ្ញាធរសមត្ថកិច្ចបានចុះផ្សព្វផ្សាយអប់រំទុកពេលវេលាជាច្រើនថ្ងៃឱ្យអាជីវកររុះរើដោយខ្លួនឯងហើយនោះ ។ ការចុះរៀបចំសណ្តាប់ធ្នាប់ពីសំណាក់កម្លាំងអាជ្ញាធរសមត្ថកិច្ច បានធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នា២០២១ នៅលើផ្លូវលេខ១៤១ កែងផ្លូវលេខ១៨២ ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

លោកវសេនីយ៍ឯក អេម សម្បត្តិ នាយការិយាល័យនគរបាលសណ្តាប់ធ្នាប់ប្រាប់ឱ្យដឹងថា កិច្ចការងារចុះពង្រឹងអនុវត្តរឹតបន្តឹងលើការងារសណ្តាប់ធ្នាប់នេះគឺកម្លាំងសមត្ថកិច្ចដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី សែម គន្ធា ស្នងការរងទទួលផែនការងារសណ្តាប់ធ្នាប់នៃស្នងការដ្ឋាននគរបាលរាជភ្នំពេញ ក្នុងយុទ្ធនាការចុះរឹតបន្តឹងពង្រឹងអនុវត្តការងារដោះស្រាយបញ្ហាសណ្តាប់ធ្នាប់នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។

លោកនាយការិយាល័យប្រាប់ឱ្យដឹងទៀតថា ផ្លូវ០១ខែ្សខាងលើកម្លាំងអាជ្ញាធរសមត្ថកិច្ចបានរៀបចំសម្អាតឱ្យមានរៀបរៀបរយនិងមានសោភ័ណភាពនោះហើយ ក្នុងនោះក៏បានឱ្យអាជីវករដែលបានតាំងលក់ទំនិញ បន្លែផ្លែឈើ លើទ្រូងផ្លូវ ត្រូវរុះរើយកទៅលក់នៅក្នុងផ្សារក្បែរនោះ។ការចុះរៀបចំសណ្តាប់ធ្នាប់នេះផងដែរមិនមានបាតុភាពតវ៉ាណាមួយពីបងប្អូនអាជីវករនោះទេ ដោយពួកគាត់នាំគ្នាចូលរួមសហការជាមួយអាជ្ញាធរសមត្ថកិច្ចពីព្រោះអាជ្ញាធរសមត្ថកិច្ចកន្លងមកបានចុះអប់រំធ្វើកិច្ចសន្យានិងទុកពេលវេលាឱ្យពួកគាត់រុះរើដោយខ្លួនឯងម្តងរួចមកហើយ។

លោកវរសេនីយ៍ឯក អេម សម្បត្តិ នាយការិយាល័យនគរបាលសណ្តាប់ធ្នាប់សាធារណៈនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញប្រាប់ឱ្យដឹងទៀតថា នៅចំណុចផ្លូវ០១ខ្សែខាងលើគឺបានរងការរំលោភបំពានយកទ្រូងផ្លូវធ្វើអាជីវកម្មពីសំណាក់បងប្អូនអាជីវករជាយូរមកហើយ ដែលតែងតែរងការកកស្ទះចរាចរណ៍និងបាត់បង់សោភ័ណភាពទីក្រុង។លើកនេះគឺការអនុវត្តតឹងរឹងមិនបណ្តោយឱ្យអាជីវករយកទ្រូងផ្លូវធ្វើអាជីវកម្មទៀតនោះឡើយ ក្នុងនោះក៏បានប្រគល់ឱ្យអាជ្ញាធរសមត្ថកិច្ចខណ្ឌ៧មករា ចុះត្រួតពិនិត្យគ្រប់គ្រងជាប្រចាំដើម្បីទប់ស្កាត់កុំឱ្យមានការដាក់លក់ទំនិញសារជាថ្មីទៀត ។បើក្នុងករណីអាជីវករលួចលាក់បន្តមកធ្វើអាជីវកម្មលើទ្រូងផ្លូវនេះទៀត សមត្ថកិច្ចមិនយោគយល់នោះទៀតឡើយគឺផាកពិន័យតាមច្បាប់តែម្តង។

លោកវរសនីយ៍ឯក អេម សម្បត្តិ នាយការិយាល័យនគរបាលសណ្តាប់ធ្នាប់ប្រាប់ដឹងទៀតថា ជុំវិញនៃការរឹតបន្តឹងសណ្តាប់ធ្នាប់នេះផងដែរ កម្លាំងការិយាល័យសណ្តាប់ធ្នាប់អនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញនឹងបន្តចុះសហការជាមួយកម្លាំងតាមបណ្តាខណ្ឌទាំង១៤ដើម្បីចេញដោះស្រាយទៅលើបញ្ហាសណ្តាប់ធ្នាប់នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ អនុវត្តតាមគោលការណ៍របស់រដ្ឋបាលរាជធានីភ្នំពេញ ។ក្នុងនោះក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋនាំគ្នាចូលរួមសហការជាមួយអាជ្ញាធរសមត្ថកិច្ចដើម្បីលើកកម្ពស់សោភ័ណភាព សណ្តាប់ធ្នាប់សុវត្ថិភាព ចរាចរណ៍ នៅក្នុង រាជធានីភ្នំពេញឱ្យកាត់តែប្រសើរឡើង។

សូមបញ្ជាក់ថាកាងារពង្រឹងសណ្តាប់ធ្នាប់សាធារណៈនេះដែរកាលពីកន្លងទៅថ្មីៗនេះ កម្លាំងនគរបាលសណ្តាប់ធ្នាប់រាជធានីភ្នំពេញសហការជាមួយកម្លាំងនគរបាលខណ្ឌទួលគោកក៏បានចុះទៅរៀបចំនិងដោះស្រាយសណ្តាប់ធ្នាប់តាមដងផ្លូវមហាវីថិម៉ៅស៊ីទុង និងចំណុចផ្លូវចូលផ្សារនាគមាស ក្នុងខណ្ឌទួលគោក ដែលគោលដៅនេះមានការឈប់ចតយានយន្តគ្មានសណ្តាប់ធ្នាប់ និងការរំលោភបំពានយកទ្រូងផ្លូវធ្វើអាជីវកម្ម ពីសំណាក់បងប្អូនអាជីវករ ៕


Telegram