ខេត្តបន្ទាយមានជ័យ ៖ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បុរសម្នាក់ស្រវឹងស្រាថ្នាំ បានប្រព្រឹត្តអំពើល្មើស (ប្រទូស្តកេរ្តិ៍ខ្មាស់) ទៅលើក្មេងស្រីម្នាក់អាយុ១១ឆ្នាំ ត្រូវបាននគរបាលឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនិតិវិធី នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ នេះហើយ ។
លោកវរសេនីយ៍ឯកឡាយ គឹមលួន នាយការិយាល័យ នរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអមនីតិជន បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនរបាលខេត្តបន្ទាយមានជ័យ និងដោយមានការសម្របសម្រួលពីឯកឧត្តម កើត សុណ្ណារ៉េត ព្រះរាជអាជ្ញាធរ អមសាលាដំបូងខេត្តបន្ទាយមានជ័យ ជនសង្ស័យម្នាក់ ត្រូវបាននគរបាលស្រុកអូរជ្រៅ ឃាត់ខ្លួន ។
ជនសង្ស័យរូបនេះ មានឈ្មោះ សុខ វង្ស ភេទប្រុស អាយុ៣៦ឆ្នាំ មានស្រុកកំណើតនៅភូមិស្វាយលួង ឃុំស្វាយលួង ស្រុកកន្តៀង ខេត្តពោធិសាត់ ជាពលករមកពីប្រទេសថៃ ស្នាក់នៅធ្វើចត្តាឡីស័កមណ្ឌលនៅវិទ្យាល័យកូប ស្ថិតក្នុងភូមិណាកាឆាយ ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
នៅថ្ងៃទី១២ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង៤ទៀបភ្លឺ ជននេះពាក់ព័ន្ធករណី ប្រទូស្តកេរ្តិ៍ខ្មាស់ ទៅលើក្មេងស្រីអាយុ១១ឆ្នាំ នៅមណ្ឌលចត្តាឡីស័ក បន្ទប់ដេកជាមួយគ្នា ត្រូវឃាត់ខ្លួន តាមបណ្តឹងបងស្រីក្មេងស្រីរងគ្រោះ ដែលបានភ្ញាក់ទាន់ឃើញពីសកម្មភាពរបស់ជនសង្ស័យបានប្រព្រឹត្តទៅលើប្អូនស្រីរបស់ខ្លួន។
លោកស្រី ឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរង ទទួលផែនប្រឆាំងការជួញដូរនិងការពារអនីតិជន បានឲ្យដឹងថា ៖ ជនសង្ស័យ មកពីប្រទេសថៃ តាមច្រកអូរបីជាន់ មកធ្វើចត្តាឡីស័កនៅមណ្ឌលវិទ្យាល័យកូប នៅថ្ងៃទី០៤ខែកញ្ញា ឆ្នាំ២០២១ ស្នាក់អាគាបន្ទប់លេខ០៦ ដែលមានមនុស្សប្រុស ស្រីចំនួន២៥នាក់ រូបគេ រួមទាំងក្មេងស្រីរងគ្រោះនិងបងស្រីរបស់គេដេកទល់ក្បាលគ្នា ។
នៅមុនពេលកើតហេតុល្ងាចថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ រូបគេនិងអ្នកស្នាក់នៅអាគារជាមួយគ្នាចំនួន០៨នាក់ (មិនស្គាល់ឈ្មោះ) បានផឹកស្រាថ្នាំដែលឲ្យគេទិញមកឲ្យទម្លាក់ទុកនៅរបងសាលា ដោយផឹកផងរាំលេងផង អស់ស្រាចំនួន០៦ដបទឹកសុទ្ធ រហូតដល់ម៉ោង១០យប់ទើបបែកទៅដេករៀងៗខ្លួន។ នៅវេលាម៉ោង០៣ទៀបភ្លឺ ក៏បានយកដៃលូករាវលើខ្លួនប្រាណក្មេងស្រីនោះ រយៈពេលប្រហែល០១ម៉ោង ខណៈដែលក្មេងស្រីនោះដេកលក់ដោយពុំដឹងខ្លួន តែជាស៊យ ក៏ត្រូវបងស្រីនាងភ្ញាក់ទាន់ស្រែកឡូឡានិងប្តឹងគ្រូពេទ្យ និងសមត្ថកិច្ចឃាត់ខ្លួនតែម្តង ។
លោកស្រី ឧត្តមសេនីយ៍ស្នងការរង បានបញ្ជាក់ថា៖ ផ្អែកតាមបណ្តឹងរបស់បងស្រីក្មេងស្រីរងគ្រោះ និងចម្លើយសារភាពរបស់ជនសង្ស័យ។ នគរបាលជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការ ពារ អនីតិជន បានកសាងសំណុំរឿងបញ្ជូនជនទៅសាលាដំបូងចាត់ការតាមនិតិវិធីហើយដែរ ៕