រថយន្តព្រុស សង្ស័យបើកក្នុងល្បឿនលឿនទៅបុកទ្រូងផ្លូវខ្ទាតបុកបង្គោលភ្លើងពេញទំហឹង
រាជធានីភ្នំពេញ ៖ រថយន្តព្រុសមួយគ្រឿង សង្ស័យបើកបរក្នុងល្បឿនលឿនទៅបុកទ្រូងផ្លូវ ខ្ទាតបង្គោលភ្លើងពេញទំហឹង ខ្ទេចក្បាលខាងមុខ កាលពីវេលាម៉ោង ១យប់ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចមុខវត្តនិរោធរង្ស៊ី តាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាក Toyota Prius ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2AZ-9606 បើកបរដោយបុរសម្នាក់ តាមផ្លូវជាតិលេខ១ ពីលិចទៅកើតក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបុកទ្រូងផ្លូវហើយផ្លោង ទៅបុកបង្គោលភ្លើងថែមទៀត បណ្ដាលឲ្យខ្ទេចរថយន្តយ៉ាងដំណំ តែសំណាងល្អគ្មានអ្នករងរបួសនោះទេ។
ក្រោយកើតហេតុ សមត្ថកិច្ចចរាចរណ៍មូលដ្ឋាន បានចុះមកធ្វើការពិនិត្យនិងវាស់វែង យករថយន្តខាងលើ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីរង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត ៕