ថ្លើមធំ..! ប្រើល្បិចខ្ចីម៉ូតូមិត្តភក្តិថាយកទូរសព្ទទៅធ្វើ បែរជាយកម៉ូតូគេមកស៊ីគ្រឿង មានអីត្រូវម្ចាស់តាមទាន់ចាប់ដល់កន្លែងប្រគល់ជូនសមត្ថកិច្ច
សន្តិសុខសង្គម
585

រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីរំលោភលើសេចក្តីទុកចិត្ត ដោយបានខ្ចីម៉ូតូជនរងគ្រោះ ជិះ ថាយកទូរស័ព្ទទៅធ្វើ បែរជាបែកគំនិតយកម៉ូតូមិត្តភក្តិទៅសំម្ងំស៊ីគ្រឿងអស់លក្ខណ៍ ត្រូវម្ចាស់តាមទាន់ចាប់ប្រគល់ឲ្យសមត្ថកិច្ច កាលពីវេលាម៉ោង៩និង១០នាទីព្រឹក ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅកន្លែងជួសជុលម៉ូតូមួយកន្លែង នៅតាមបណ្ដោយផ្លូវលេខ២៥៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ នីម ដា អាយុ២២ឆ្នាំ មានស្រុកកំណើតខេត្តតាកែវ ស្នាក់នៅផ្ទះជួល សង្កាត់ក្រាំងធ្នង់។

ប្រភពព័ត៌មានពីម្ចាស់ម៉ូតូបានប្រាប់ឲ្យដឹងថា មុនថ្ងៃកើតហេតុវេលាម៉ោង១ល្ងាច ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ជនសង្ស័យបានខ្ចីម៉ូតូរបស់ជនរងគ្រោះថាខ្ចីម៉ូតូយកទូរស័ព្ទទៅធ្វើ ដោយសារតែចាំបាត់ៗខលទូរស័ព្ទមិនចូល ជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងធ្នង់ ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវរក។

លុះព្រឹកវេលាម៉ោងថ្ងៃកើតហេតុខាងលើ ដោយហេតុមិនអស់ចិត្តជនរងគ្រោះបាននាំប្ដីជិះដើររកម៉ូតូនៅម្ដុំឃ្លាំងម៉ូតូផ្សារឃ្លាំងរំសេវ ក៏ប្រទះឃើញជនសង្ស័យកំពុងឈរមើលជាង ដោះបំបែកសំណុំម៉ូតូទាំងអស់ដើម្បីស៊ីគ្រឿងម៉ូតូ ឃើញដូច្នេះជនរងគ្រោះក៏ស្ទុះទៅក្របួចភ្លាមៗ បង្កការឲ្យភ្ញាក់ផ្អើលនឹងប្រាប់ដល់សមត្ថកិច្ចមូលដ្ឋានឲ្យជួយឃាត់ខ្លួននាំយកមកសាកសួរនៅប៉ុស្ថិ៍ នគរបាលទឹកល្អក់ទី៣ ។

ក្រោយពីនាំខ្លួនជនសង្ស័យមកសួរនាំរួចមកសមត្ថកិច្ចប៉ុស្ថិ៍នគរបាលទឹកល្អក់ទី៣ បានប្រគល់ជនសង្ស័យឲ្យទៅសមត្ថកិច្ចប៉ុស្ថិ៍ នគរបាលក្រាំងធ្នង់ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕ នង មឿន


Telegram