រាជធានីភ្នំពេញ ៖ អគ្គិភ័យមួយបានឆាបឆេះបន្ទប់គេងជាន់ទី២ ក្នុងហាងគុយទាវ ឡូសឺ មួយកន្លែង ហ៊ុយផ្សែងខ្មៅទ្រលោម ចេញមកខាងក្រៅ ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះមកធ្វើការអន្តរាគមន៍បាញ់ពន្លត់ កាលពីវេលាម៉ោង ៥និង២០នាទី ល្ងាច ១៦ ខែកញ្ញា ឆ្នាំ២០២១នៅចំណុចផ្ទះលេខP៦៣ ផ្លូវភ្លីសឺ ក្រុមទី៥ ភូមិ ចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ទីតាំងឈ្មោះ ទី និមល ភេទ ប្រុស អាយុ ៤២ ឆាំ្ន ជាម្ចាស់ផ្ទះ បានជួលឲ្យឈ្មោះ ZHANG PENG ជនជាតិ ចិន ភេទ ប្រុស អាយុ ៣២ ឆាំ្ន ជាម្ចាស់ហាងគុយទាវ ឡូសឺ ។
ក្នុងនោះអគ្គិភ័យនេះ បានឆេះថ្មបេតុង ទំហំ ៤ម៉ែត្រ x ៦ម៉ែត្រ បណ្តាលឲ្យឆេះខូចខាតបន្ទប់គេងជាន់ទី២ អស់ទាំងស្រុង និងសម្ភារៈប្រើប្រាស់មួយចំនួន និងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ បណ្តាល មក ពី ឆ្លងចរន្តអគិ្គសនី ។
ភ្លាមៗនោះ ក៏មានរថយន្តការិយា ល័យ អគ្គិភ័យ :ចំនួន ០៥ គ្រឿង បានចុះអន្តរាគមន៍ ដោយប្រើប្រាស់ទឹកអស់ចំនួន ០៣ រថយន្ត ស្មើនឹង ១២ ម៉ែត្រគូប ទើបរលត់ទៅវិញទាំងស្រុងនៅម៉ោង៦ល្ងាច ថ្ងៃដដែល ៕ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ