រាជធានីភ្នំពេញ ៖ ស្លាប់ទាំងព្រឹកទៀតហើយ ខណៈបុរសម្នាក់ ជិះម៉ូតូស្កុបពី ពណ៌ក្រហម ត្រូវបានរថយន្តកុងតឺន័រមួយគ្រឿង បើកវ៉ាជែងមកទាក់ដៃចង្កូត បណ្តាលឲ្យដួលខ្ទាតមនុស្សចូលក្រោមកង់រថយន្ត ហើយកិនពីលើស្លាប់យ៉ាងរន្ធត់ រួចបន្តល្បឿនបើករត់បាត់ ខណៈប៉ូលិសលើកទូរសព្ទតេ បងស្រីទប់អារម្មណ៍សិន .. ស្គាល់ឈ្មោះជឹម ចន្ថា ទេ.... គាត់ជិះម៉ូតូស្កុបពី ពណ៌ក្រហម ត្រូវបានរថយន្តកិនស្លាប់យ៉ាងរន្ធត់ ព្រឹកមិញនេះ ឡានទៅបាត់ហើយ... ដើម្បីមកមើលសាកសព និងយកទៅធ្វើបុណ្យតាមប្រពៃណី។
ហេតុការណ៍ដ៍រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង ៧និង២០នាទីព្រឹក ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចមុខបុរីសន្តិភាព២ តាមបណ្តោយផ្លូវ៣០ម៉ែត្រ ក្នុងភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បើតាមអត្តសញ្ញាណ ដែលសមត្ថកិច្ចនិងគ្រូពេទ្យ ឆែករកមើលក្នុងកាបូបបង្ហាញថា ជនរងគ្រោះមានឈ្មោះ ជឹម ចន្ថា ភេទប្រុស អាយុ៣៨ឆ្នាំ ជិះម៉ូតូម៉ាកស្គូពី ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1FR-7041 ។
ប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះ ជិះម៉ូតូតាមបណ្តោយផ្លូវ៣០ម៉ែត្រ ពីលិចទៅកើត ដល់ចំណុចកើតហេតុ ក៏មានរថយន្តកុងតឺន័រ មិនចាំស្លាកលេខ មកពីក្រោយវ៉ាជែងទាក់ដៃចង្កូតម៉ូតូជនរងគ្រោះ ដួលខ្ទាតចូលក្រោមរថយន្ត កិនស្លាប់ភ្លាមៗមួយរំពេច រួចបើករត់បាត់តែម្តង។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការពិនិត្យវាស់វែង សម្រួលចរាចរណ៍ និងទាក់ទងទៅសាច់ញាតិដើម្បីមកទទួលយកសាកសព ទៅធ្វើបុណ្យតាមប្រពៃណី ខណៈម៉ូតូសមត្ថកិច្ចបាននាំយកទៅរក្សាទុកដើម្បីស្រាវជ្រាវរករថយន្តបង្ក មកដោះស្រាយគ្នាតាមច្បាប់បន្តទៀត ៕ មេសា