រាជធានីភ្នំពេញ ៖ អគ្គិភ័យបានឆាបឆេះ ផ្ទះប្រជាពលរដ្ឋមួយកន្លែង យ៉ាងសន្ធោសន្ធៅ ឆេះទាំងអស់ស្រុងត្រឹមមួយប៉ប្រិចភ្នែក បង្កការភ្ញាក់ផ្អើលខ្លាំងដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ច រួមទាំងរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ចុះមកបាញ់ពន្លត់ កាលពីវេលាម៉ោង១រសៀល ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចផ្ទះជួសជុលម៉ូតូ តាមបណ្តោយផ្លូវជាតិលេខ១ ភូមិជ្រាយអំពិល២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះកើតហេតុ មានឈ្មោះ អ៊ិត សាវឿន ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ ហើយការឆាបឆេះនេះ បណ្តាលមកពីការផ្ទុះកំប៉ុងហ្គាស ឆាបឆេះ ផ្ទះថ្ម ប្រក់ស័ង្កសី ទំហំ ៤.៥ម៉ែត្រគុណ ៩ម៉ែត្រ អស់ទាំងស្រុង និងបានឆេះសម្ភារៈក្នុងផ្ទះអស់ទាំងស្រុង នឹងពុំបណ្ដាលអោយឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។
ភ្លាមៗមានរថយន្តការិយាល័យ អគ្គិភ័យ ចំនួន៥គ្រឿង ប្រើប្រាស់ទឹកចំនួន០៥ឡាន និងមានរថយន្តជំនួយពីខាង ក្រសួងមហាផ្ទៃចំនួន ២គ្រឿង ប្រើប្រាស់ទឹក អស់០២ឡាន, រថយន្តសាលាខណ្ឌ ច្បារអំពៅចំនួន ០១គ្រឿង ប្រើប្រាស់ទឹក ចំនួន ០១ឡាន , រថយន្តរបស់បុរី ប៉េង ហួត ចំនួន ២គ្រឿង ប្រើប្រាស់ទឹក អស់ ០២ឡាន និងរថយន្តក្រុមហ៊ុន ស្រាបៀរកម្ពុជា ចំនួន ០១គ្រឿង ប្រើប្រាស់ទឹក អស់ ០១ឡាន ទើបរលត់ទៅវិញនៅវេលាម៉ោង១និង៣០នាទីរសៀល នាថ្ងៃខែឆ្នាំដដែល ៕ មេសា