ឆ្លងចរន្តអគ្គិសនី ឆេះផ្សារដំបូលខៀវ ខ្ទេ.ចអស់៦តូប បាញ់ទឹកអស់២៦គ្រឿងទើបរលត់
សន្តិសុខសង្គម
129

រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលខ្លាំងទាំងកណ្តាលយប់ ខណៈអគ្គិភ័យឆាបឆេះ លេបត្របាក់ ផ្សារដំបូលខៀវយ៉ាងសន្ធោសន្ធៅ ដោយបានឆេះបំផ្លាញ ខ្ទេចអស់ជាច្រើនតូប កាលពីវេលាម៉ោង១២យប់ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវវេងស្រេង ក្នុងភូមិត្រពាំងថ្លឹងទី១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ម្ចាស់ទីតាំងនេះ គឺលោកឧកញ៉ា កាំង ឡេង ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរអគ្គនាយកផ្សារ ដែលមានអ្នកគ្រប់គ្រងផ្សារឈ្មោះ សុង គឹមហួរ ភេទប្រុស អាយុ ៥២ឆ្នាំ មុខរបរ អ្នកគ្រប់គ្រងផ្សារ ។ ចំពោះមូលហេតុ នៃការឆាបឆេះ គឺបណ្តាលមកពីការ ឆ្លងចរន្ដអគ្គិសនី ។

លោកបានបន្តថា ក្នុងហេតុការណ៍មួយនេះ បានឆេះបំផ្លាញ តូបថ្មប្រក់ស័ង្កសី ដែលមានទំហំ ២០០ម៉ែត្រ x ១២ម៉ែត្រ ឆេះអស់តូបចំនួន ៦តូប នឹងសម្ភារៈក្នុងតូបអស់ទាំងស្រុង នឹងពុំបណ្តលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។ ដោយឡែក សម្រាប់ប្រតិបត្តិការសង្គ្រោះវិញ សមត្ថកិច្ចប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន ២៤គ្រឿង ប្រើប្រាស់ទឹកអស់ ២៣ឡាន ស្មើរនឹង ៩២ម៉ែត្រគូប, រថយន្តជំនួយមកពីក្រសួងមហាផ្ទៃចំនួន ២គ្រឿង ប្រើប្រាស់ទឹក អស់ ២ឡាន ស្មើរនឹង ១២ម៉ែត្រគូប , រថយន្ត របស់ក្រុមហ៊ុន ស្រាបៀរកម្ពុជា ចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន ស្មើរនឹង ៦ម៉ែត្រគូប និងរថយន្តរបស់ក្រុមហ៊ុន ISI ចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន ស្មើរនឹង ៤ម៉ែត្រគូប ទើបរលត់ទាំងស្រុង នៅវេលាម៉ោង ១និង១០នាទីយប់រំលងអាធ្រាត្រ នាថ្ងៃដដែល៕ Mrr Ka


Telegram