រាជធានីភ្នំពេញ ៖ នារីស្រស់ស្អាតម្នាក់បើកបររថយន្តស៊េរីទំនើបក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្នជ្រុលបុក បុរសម្នាក់កំពុងដើរតាមផ្លូវបណ្តាលឲ្យស្លាប់ បាត់បង់ជីវិតភ្លាមៗនៅកន្លែង រួចរថយន្តមិនទាន់អស់ល្បឿនបន្តទៅបុករថយន្តចតនៅចិញ្ចើមផ្លូវចំនួន០៤គ្រឿងបន្ថែមទៀត ទើបរថយន្តទៅមុខលែងរួច។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១ព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចក្បែរក្រសួងអភិវឌ្ឍន៍ជនបទថ្មី តាមបណ្ដោយមហាវិថីព្រះមុន្នីវង្ស ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។
ចំណែកឯសាកសពជនរងគ្រោះមិនទាន់ស្គាល់អត្ដសញ្ញាណនៅទ្បើយទេ។
បើយោងតាមប្រភពព័ត៌មានពីសន្តិសុខបានបញ្ចាក់ប្រាប់ក្រុមការងារ TVFB ឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញមានបុរសម្នាក់ដើរតាមបណ្ដោយមហាវិថីព្រះមុន្នីវង្ស ក្នុងទិសដៅពីជើងទៅត្បូង ខណៈនោះស្រាប់តែមាននារីវ័យក្មេងម្នាក់បើកបររថយន្តស៊េរីទំនើប ម៉ាក Rang Rover ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AL-2013 តាមបណ្ដោយមហាវិថីព្រះមុន្នីវង្ស ស្របទិសគ្នាជាមួយអ្នកដើរ ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នក៏បណ្ដាលឲ្យបុកអ្នកដើរ ចំពីក្រោយយ៉ាងពេញទំហឹង បណ្តាលឲ្យជនរងគ្រោះបានបោកក្បាលស្លាប់ភ្លាមៗនៅកន្លែងហេតុតែម្ដង រួចរថយន្ត មិនទាន់អស់ល្បឿនក៏រ៉េចង្កូតទៅបុករថយន្តដែលចតនៅចិញ្ចើមផ្លូវចំនួន០៤គ្រឿង រងការខូចខាតយ៉ាងដំណំ ទើបទៅមុនលែងរួច។
សូមបញ្ជាក់ផងដែរ ក្រោយពេលកើតហេតុភ្លាមៗនគរបាលចរាចរណ៍នៅប្រចាំការគោលដៅក្បែរទីតាំងកើតហេតុ បានឃាត់ខ្លួននារីជនជាតិចិនអ្នកបើកបរនោះប្រគល់ជូននគរបាលប៉ុស្តិ៍រដ្ឋបាលបឹងត្របែក ដើម្បីសួរនាំ។
បច្ចុប្បន្នកម្លាំងនគរបាលជំនាញការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះធ្វើការវាស់វែងដើម្បីយករថយន្តបង្កនិងរថយន្តរងគ្រោះទាំងអស់ទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ។ ចំណែកសពត្រូវនគរបាលប្រគល់រថយន្តសាម៊ុយដឹកទៅតម្កល់រង់ចាំសាច់ញាតិមកទទួលធ្វើបុណ្យតាមប្រពៃណី៕ មេសា