រាជធានីភ្នំពេញ ៖ សំឡេងរថយន្តពន្លត់អគ្គីភ័យបានឮឡើងពេញផ្លូវ ទាំងកណ្ដាលរាត្រី ដោយមាន អគ្គិភ័យបានកើតឡើងឆាប់ឆេះផ្ទះលក់គ្រឿងកុំព្យូទ័រ មួយកន្លែងដែលស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាវេលាម៉ោង ៩ យប់ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២១ នេះ ។
ដោយអណ្ដាតភ្លើងក្រហមរងាលពេញមេឃ និងផ្សែងខ្មួលខ្មាញ់ចេញពីកន្លែងកើតហេតុធ្វើឲ្យបងប្អូនប្រជាពលរដ្ឋនៅម្ដុំនោះមានអ្នកខ្លះបើកទ្វាទាញឥវ៉ាន់និងរបស់របរជា ចេញ និងមានអ្នកខ្លះទៀត ខលទៅរថយន្តពន្លត់អគ្គិភ័យ សុំអោយមកជាបន្ទាន់ដើម្បីពន្លត់ ។
សមត្ថកិច្ចនិងអាជ្ញាធរពាក់ព័ន្ធបានចុះមកដល់ទីតាំងកន្លែងកើតហេតុអ្វីបានទំនាក់ទំនងទៅសមត្ថកិច្ចពន្លត់អគ្គីភ័យដើម្បីចុះមកអន្តរាគមន៍នៅទីតាំងកន្លែងកើតហេតុ ។ភ្លាមៗ រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងបានមកដល់ និងទាញទីយោ ធ្វើការបាញ់ទឹកពន្លត់និង គ្រប់គ្រងស្ថានការណ៍ក្នុងករណីអគ្គីភ័យខាងលើនេះ ។ សមត្ថកិច្ចពន្លត់អគ្គិភ័យ បានប្រើប្រាស់រថយន្តបាញ់ទឹកអស់ចំនួន ៣០ ឡានទើបអាចគ្រប់គ្រងនូវភ្លើងដែលឆាបឆេះយ៉ាងខ្លាំងក្លាខាងលើឲ្យរលត់ទៅវិញផងដែរ ។
តាមការបញ្ជាក់ព័ត៌មានបឋមនៅទីតាំងកន្លែងកើតហេតុសមត្ថកិច្ចបានឲ្យដឹងថាចំពោះករណីអគ្គិភ័យដែលបានកើតឡើងខាងលើសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវហើយចំពោះអគ្គិភ័យដែលបានកើតឡើងនេះមិនបណ្ដាលឱ្យមានការឆេះរាលដាលដល់ផ្ទះបងប្អូនប្រជាពលរដ្ឋដែលរស់នៅម្ដុំនោះឡើយ ហើយក៏មិនមានមនុស្សរងគ្រោះឡើយ ៕