រថយន្តក្រឡុកស៊ីម៉ង់ត៍ បើកចុះពីលើស្ពានព្រះមុនីវង្សថ្មី ជាន់ហ្វ្រាំងមិនស៊ីខ្លាចបុកគេនៅខាងមុខ បួងចង្កូតទៅកៀរបាំងថ្មរងការខូចខាត
សន្តិសុខសង្គម
85

រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍បង្កដោយរថយន្តក្រឡុកស៊ីម៉ង់ត៍ បើកចុះពីស្ពានព្រះមុនីវង្សថ្មីជាន់ហ្វ្រាំងមិនស៊ីទាញចង្កូតទៅឆ្វេងដៃកៀរបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាតប្រហែលជាង៤០ម៉ែត្រ សំណាងដែលមិនបង្កឲ្យមានអ្នករងរបួស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៤និង១០នាទីល្ងាចថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានបញ្ជាក់ប្រាប់ការងារ TVFB ឲ្យដឹងថាមុនពេលកើតហេតុ គឺរថយន្តក្រឡុកស៊ីម៉ង់ត៍ ដឹកបេតុងលាយ ស្រាប់មួយគ្រឿងម៉ាក NISSAN DIESEL ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 5A-0655 បើកបរដោយបុរសម្នាក់ បានចេញពីការដ្ឋានមួយកន្លែងនៅច្បារអំពៅ បើកឡើងលើស្ពានព្រះមុនីវង្សថ្មីគោលបំណងយកទៅដាក់ឲ្យម៉ូយ ខណៈបើក ចុះពីលើស្ពានព្រះមុនីវង្សថ្មី វិញជាន់ហ្វ្រាំងមិនស៊ី ស្របពេលនោះ មានម៉ូតូនឹងរថយន្តកកស្ទះ នៅខាងមុខផង អ្នកបើកបរបានទាញចង្កូតទៅឆ្វេង ដៃកៀរនឹងរបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាតជាង៤០ ម៉ែត្រ តែមិនបង្កឲ្យមានអ្នករងរបួសនៅក្នុងហេតុការណ៍នេះ។

ក្រោយកើតហេតុ សមត្ថកិច្ចចរាចរណ៍ឈរនៅគោលដៅបានឃាត់រថយន្តក្រឡុកស៊ីម៉ង់ត៍ខាងលើ រង់ចាំជំនាញការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការវាស់វែង យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត ៕ មេសា


Telegram