ខេត្តត្បូងឃ្មុំ ៖ យោងតាមផេក ការិយាល័យផ្សព្វផ្សាយអប់រំ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១០និង២០នាទីយប់ នៅចំណុចមុខផ្ទះឈ្មោះ យ៉ត សំអ៑ាន ភេទស្រី អាយុ៥៥ឆ្នាំ ភូមិផ្កាដូង ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ មានករណីឃា.តកម្ម មួយបានកើតឡើង បង្ករដោយឈ្មោះ ប៊ុនថា ធឿន ភេទប្រុស អាយុ៤៣ឆ្នាំ ស្នាក់នៅភូមិផ្កាដូង ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បានផឹកស្រាស្រវឹងជោកជាំ រងរឿងអ្នកជិតខាង ហើយត្រូវបានឈ្មោះ មឿន ប៊ុនថេង ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិឃុំជាមួយគ្នា បានធ្វើការឃាត់និងស្តីបន្ទោស ហើយក៏បានដេញអោយជនដៃដល់ ទៅផ្ទះទៅ កុំនៅរករឿងគេអញ្ចឹង ហើយបានប្រកែកជាពាក្យសំដីគ្នាមួយពីៗ បន្ទាប់
មកជនដៃដល់ បានដើរទៅផ្ទះរបស់ខ្លួនបាត់ទៅ ។
លុះបន្តិចក្រោយមកជនដៃដល់ ត្រឡប់មកវិញ ហើយត្រូវឈ្មោះ មឿន ប៊ុនថេង ស្តីបន្ទោសអោយម្តងទៀត បន្ទាប់មកអ្នកទាំងពីរ បានប្រកែកគ្នា ទៅវិញទៅមក ពេលនោះ មានឈ្មោះ យ៉ន សំអ៑ាន ភេទស្រី អាយុ៥៥ឆ្នាំ ត្រូវជាម្តាយបង្កើត របស់ឈ្មោះ មឿន ប៊ុនថេង ក៏បានឃាត់ និងស្តីបន្ទោសអោយជនដៃដល់ ផងដែរ ។
ការទាស់សំដីគ្នា ចេះតែបន្តមួយពីៗ ស្រាប់តែជនដៃដល់ បានចូលទៅចាក់ឈ្មោះ មឿន ប៊ុនថេង និងកន្ត្រៃ ត្រូវចំគល់ករខាងឆ្វេង
បណ្តាលឲ្យស្លាប់ ខណ:ពេលដែលជនដៃដល់ កំពុងធ្វើសកម្មភាពចាក់សម្លាប់ឈ្មោះ មឿន ប៊ុនថេង នោះ ត្រូវឈ្មោះ យ៉ន សំអ៑ាន ជាម្តាយបាន ឃើញ ហើយក៏ស្រែកអោយគេជួយ ពេលនោះ មានឈ្មោះ ស្រី សុផា ភេទប្រុស អាយុ៣៥ឆ្នាំ ត្រូវជាប្អូនថ្លៃ ជនរងគ្រោះ និងឈ្មោះ ស្រេង ស្រ៊ី ភេទប្រុស អាយុ៣៦ឆ្នាំ ដែលនៅអង្គុយលេងក្បែរកន្លែងកើតហេតុបានឮ ពេលនោះឈ្មោះ ស្រេង ស្រ៊ី បានរត់ទៅមើលជនរងគ្រោះ។ ចំណែកឈ្មោះ ស្រី សុផា បានរត់ទៅចាប់ជនដៃដល់ ខណៈនោះជនដៃដល់ បានប្រតាយប្រតប់គ្នា ជាមួយឈ្មោះ ស្រី សុផា ហើយ ស្រី សុផា បានចាប់បោកជនដៃដល់ ផ្តួលទៅត្រូវក្បាល និងបង្គោលរបងឫស្សី បណ្តាលអោយបែកក្បាល ។
ក្រោយពីចាប់បានជនដៃដល់ រួចហើយ ទើបក្រុមគ្រួសារជនរងគ្រោះរាយការណ៍មកសមត្ថកិច្ច ដើម្បីអន្តរាគមន៍ ។
បច្ចុប្បន្នជនសង្ស័យជាជនដៃដល់ខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន តាមគោលការណ៍ឯកភាពពី លោកឧត្តមសេនីយ៍ស្នងការ និងព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តត្បូងឃ្មុំ ដើម្បីកសាងសំនុំរឿង ចាត់ការតាមច្បាប់បន្តទៀត៕