រថយន្តទំនើបម៉ាកLexus RX330 បើកបរលឿនមិនប្រយ័ត្នបុ.ករថយន្តVisto បណ្ដាលឲ្យស្ត្រីម្នាក់រ.បួ.សបា.ក់.ភ្លៅ
សន្តិសុខសង្គម
239

ខេត្តព្រះសីហនុ ៖ នៅចំណុចគល់ស្ពានត្រជាក់ចិត្ត នាយប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កដោយរថយន្ត ០១គ្រឿងម៉ាក Lexus RX330 ពណ៌ស បើកបរក្នុងល្បឿនលឿនបានរ៉េចង្កូតបុករថយន្ត០១គ្រឿងទៀត ម៉ាក Visto ពណ៌ក្រហម ដែលកំពុងចតតាមបណ្ដោយផ្លូវកំពុងតែលក់ដូរ បណ្ដាលឲ្យមនុស្ស២នាក់ម្តាយ និងកូនស្រីរងរបួសធ្ងន់ស្រាល (ម្តាយបាក់ភ្លៅ)។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ថា គាត់បានឃើញរថយន្ត ០១គ្រឿងម៉ាក Lexus RX330 ពណ៌ស បើកទិសដៅពីកើត ទៅលិចបើកបរក្នុងល្បឿនលឿន បានរ៉េចង្កូតបុករថយន្ត ០១គ្រឿង ម៉ាក Visto ពណ៌ក្រហម និងម៉ូតូ ០១គ្រឿង ម៉ាក Honda Wave ពណ៌ខ្មៅ បណ្តាលអោយមានមនុស្សរងតបួសចំនួន២នាក់ ។

ដោយឡែកយោងតាម ប្រភពសមត្ថកិច្ចបានអោយដឹងថា នៅវេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ ត្រង់ចំណុចស្ពានសែនត្រជាក់ចិត្ត ស្ថិតក្នុងភូមិ៦ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ មានរថយន្ត ០១គ្រឿងម៉ាក Lexus RX330 ពណ៌ស ពាក់ផ្លាកលេខ ព្រះសីហនុ2A-7477 បើកបរដោយឈ្មោះ ស៊ុន សុខុន ភេទស្រី អាយុ ៤៣ឆ្នាំ មុខរបរមេផ្ទះ មានទីលំនៅភូមិ៣ សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ រថយន្តមានទិសដៅពីកើតទៅលិច លុះមកដល់ចំណុចខាងលើ បើកបរក្នុងល្បឿនលឿនបានរ៉េចង្កូតបុករថយន្ត ០១គ្រឿង ម៉ាក Visto ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 2R-3297 និងម៉ូតូ ០១គ្រឿង ម៉ាក Honda Wave ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1CM-3472 ដែលឈប់ចតលក់អីវ៉ាន់ នៅចិញ្ចើមថ្នល់ក្បែរស្ពានសែនត្រជាក់ចិត្ត បណ្តាលឲ្យរងរបួសមនុស្ស២នាក់ (អ្នកលក់ដូរ) ៖

១.ឈ្មោះ អ៊ុ រតនា ភេទស្រី អាយុ ៣៧ឆ្នាំ មុខរបរលក់ដូរ

២.ឈ្មោះ សួរ សឺមុី ភេទស្រី អាយុ ១៤ឆ្នាំ មុខរបរសិស្ស អ្នកទាំងពីរស្នាក់នៅភូមិ៣ សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ ។

ក្រោយពីកើតហេតុមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក ក៏បាននាំជនរងគ្រោះទាំង២នាក់ ត្រូវបានដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ។ ចំណែកឯអ្នកបើកបររថយន្តបង្កយកទៅសាកសួរនៅការិយាល័យ ។ រីឯវត្ថុតាង រថយន្ត ០២គ្រឿង និងម៉ូតូ សមត្ថកិច្ច ជំនាញ យកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកដើម្បីរង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕ សំណាង


Telegram