រាជធានីភ្នំពេញ ៖ រថយន្តកូរ៉េទ្រុងវែងមួយគ្រឿង បើកបត់ខ្វះការប្រុងប្រយ័ត្ន ជ្រុលកៀរប៉ះរថយន្តរថយន្តសេរីទំនើបម៉ាកឡិចស៊ីស NX200t បាក់កាងមុខធ្លាក់សឹងដល់ដី រងការខូចខាត ផ្នែកខាងមុខ កាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចរង្វងមូលក្ដាន់២ ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។
មន្រ្តីនគរបាលប្រចាំការនៅគោលដៅស្តុបក្ដាន់ពី បានឲ្យដឹងថា មុនពេលកើតហេតុ គេបានរថយន្តទាំង២គ្រឿង ដោយរថយន្តកូរ៉េ ពណ៌ទឹកប៊ិចចាស់ ពាក់ស្លាកលេខបាត់ដំបង 2C-2450 និងរថយន្តម៉ាក Lexus NX200t ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AX-1061 ធ្វើដំណើរស្របទិសគ្នា តាមបណ្ដោយផ្លូវលេខ១៦៩ ពីត្បូងទៅជើង លុះដល់ចំណុចស្តុបរង្វងមូលក្ដាន់២ ក៏ឈប់ស្តុប រួចក៏បន្តដំណើរទៅមុខ ខណៈនោះរថយន្តកូរ៉េបានបើកគោលបំណងបត់ឡើងឆ្វេង ដោយមិនមានការប្រុងប្រយ័ត្នមើលគ្រប់ជ្រុងជ្រោយ ក៏ជ្រុលកៀរថយន្ត ឡិចស៊ីសNX200t បណ្តាលអោយខូចខាតផ្នែកខាងមុខបាក់កាងធ្លាក់សឹងដល់ដី ។
ក្រោយពេលកើតហេតុ កម្លាំងនគរបាលចរាចរណ៍ប្រចាំការនៅគោលដៅរង្វង់មូលក្ដាន់២ ចុះទៅសម្រួលចរាចរណ៍ និងនាំយករថយន្តចូលកៀន ចៀសវាងបង្កការកកស្ទះចរាចរណ៍ ដើម្បីឲ្យភាគីទាំងសងខាងសម្របសម្រួលគ្នា តែដោយសារសម្រួលគ្នាមិនត្រូវ ត្រូវបាននគរបាលចរាចរណ៍នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា ចុះមកវាស់វែង យកទៅរក្សាទុក ដើម្បីដោះស្រាយគ្នាតាមនីតិវិធី៕ នង មឿន