ខេត្តកណ្តាល ៖ ពិតជារន្ធត់ណាស់លោកអើយ កូនចៅតូចៗជាច្រើននាក់ កាន់ធូបយកមកអុជហៅព្រលឹងឪពុកម្តាយដែលត្រូវរថយន្តបុកស្លាប់យ៉ាងរន្ធត់ទៅផ្ទះយើងវិញ ដោយសំឡេងទ្រហ៊ោយំពន្លឺឡើង អង្រួនដល់ចិត្តប្រជាពលរដ្ឋយ៉ាងខ្លាំង ខណៈករណីគ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់មួយបានកើតឡើង ដោយរថយន្តបែនដឹកថ្ម មួយគ្រឿង បានបើកចុះពីលើស្ពានព្រែកតាមាក់ ក្នុងល្បឿនយ៉ាងលឿន មកបុករះរថយន្តស៊ាំយ៉ុងដែលមានមនុស្សច្រើននាក់ក្នុងរថយន្ត ពេញទំហឹង បន្តល្បឿននោះមកបុករះម៉ូតូមួយគ្រឿងទៀតជិះ៤នាក់ ឪពុកម្តាយនិងកូនៗ ខ្ទាតផ្ទប់ចូលផ្ទះជួសជុលម៉ូតូបន្ថែម បណ្តាលឲ្យមនុស្សអ្នកជិះម៉ូតូស្លាប់ទាំងអស់សល់កូនតូចម្នាក់ដែលរបួសធ្ងន់ យ៉ាងរន្ធត់បំផុត ខណៈមនុស្សជាច្រើននាក់ រងរបួសធ្ងន់និងស្រាល។
ហេតុការណ៍ដ៍តក់ស្លុតនេះ បានកើតឡើងនៅម៉ោង១និង៤០នាទី រសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចគល់ស្ពានព្រែកតាម៉ាក តាមបណ្ដោយផ្លូវលេខ៨ ភូមិព្រែតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ករណីនេះបង្កឡើងដោយរថយន្តម៉ាកនីសាន់ ធន់បែន ពណ៌ស ផ្លាកលេខ PP-0319 បើកបរដោយឈ្មោះ ផន មករា អាយុ២៣ឆ្នាំ រស់នៅភូមិត្រពងត្មាត ឃុំស្រម៉ ស្រុកជើងព្រៃ ខេត្តកំពង់ចាម បើកបរក្នុងទិសដៅពីលិចទៅកើត ចុះពីលើស្ពានមកដល់ចំណុចរង្វង់មូលស្ពានព្រែកតាមាក់ បានបុកជាមួយម៉ូតូម៉ាក Honda Dream ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1D-5675 បើកដោយឈ្មោះ ឃាង ភេទប្រុស អាយុប្រហែល៤៥ឆ្នាំ នៅភូមិព្រែកពោធិលើ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម (ស្លាប់) ដែលជិះឌុបប្រពន្ធកូន៣នាក់ទៀត ទី១៖ ឈ្មោះ ផេង វួចលាប ភេទស្រី អាយុ៤៧ឆ្នាំ (ជាប្រពន្ធស្លាប់), ទី២៖ ឈ្មោះ ឃាង កៅលី ភេទ ប្រុស អាយុ១២ឆ្នាំ (ជាកូនស្លាប់) និងទី៣៖ ឈ្មោះ ឃាង ប៉ជូ ភេទ ស្រី អាយុ៧ឆ្នាំ (ជាកូនរងរបួសធ្ងន់) នៅភូមិឃុំជាមួយគ្នា។
បន្ទាប់មករថយន្តបង្កបានបុកតូបលក់ផ្លែឈើឈ្មោះ ឈាន សុខកូយ ភេទស្រី អាយុ៤១ឆ្នាំ រស់នៅភូមិស្វាយអាត់ក្រោម ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល បណ្ដាលឲ្យរងបួសធ្ងន់ និងអ្នកលក់ផ្លែឈើម្នាក់ទៀតឈ្មោះ ថា រឹត ភេទ ស្រី អាយុ២៤ឆ្នាំ រងរបួសធ្ងន់ ហើយរថយន្តនោះ ក៏បន្តបុករថយន្តឈប់ទិញផ្លែឈើ ម៉ាកស៊ាំយ៉ុង បើកបរមិនស្គាល់ឈ្មោះ របួសធ្ងន់ នៅស្រុក កោះសូទិន ខេត្តកំពង់ចាម ដែលមានអ្នករួមដំណើរប្រហែល៧នាក់ ដែលកំពុងឈប់ក្នុងទិសដៅពីលិចទៅកើត ហើយរថយន្តបង្កបន្តជ្រុលទៅបុកតូបលក់ដូរចំនួន០២តូបទៀត តែមិនបណ្ដាលឲ្យម្ចាស់តូបរងរបួសឡើយ។
សរុបមក ករណីនេះ បណ្ដាលឲ្យមនុស្សរងគ្រោះចំនួន៩នាក់ ក្នុងនោះស្លាប់០៣នាក់ រងរបួសធ្ងន់ ០៦នាក់ ខូចខាតរថយន្ត០២គ្រឿងធ្ងន់ និងម៉ូតូ១គ្រឿង ធ្ងន់ព្រមទាំងតូប០៣កន្លែង និងសម្ភារៈមួយចំនួន។
លោកពូម្នាក់ដែលជាប្រជាពលរដ្ឋឃើញហេតុការណ៍ផ្ទាល់ បានប្រាប់ក្រុមការងារTVFB ឲ្យដឹងថា គាត់ឃើញរថយន្តនោះបើកលឿនខ្លាំងណាស់ចុះពីស្ពាន មកបុករះគេស្លាប់រណូករណែលបែបនេះតែម្តង ហើយភ្លាមៗពេលប៉ូលិសឃាត់អ្នកបើករថយន្តនោះស្រែកថា ឡានដាច់ហ្វ្រាំង តែគ្មានអ្នកណាជឿពេល ព្រោះប៉ូលិសឡើងបើកជាន់ហ្វ្រាំងងឹកៗធម្មតា គ្រាន់តែជាលេសតែប៉ុណ្ណោះ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ ចុះមកធ្វើការវាស់វែង នាំយករថយន្តម៉ូតូ ដែលពាក់ព័ន្ធទៅរក្សាទុក រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕ មេសា