រាជធានីភ្នំពេញ ៖ កម្លាំងព្រហ្មទណ្ឌកម្រិតស្រាល របស់ស្នងការនគរបាលភ្នំពេញ មានការសង្ស័យ បានធ្វើការដេញតាមឃាត់រថយន្តឡិចស៊ីស GS300 មួយគ្រឿង ដែលពាក់ស្លាកលេខ ភ្នំពេញ 2BH-5098 តាំងពីក្នុងភូមិសាស្ត្រ ខណ្ឌជ្រោយចង្វា រហូតមកដល់ក្នុងភូមិសាស្ត្រខណ្ឌចំការមន ក្នុងមជ្ឈមណ្ឌលកោះពេជ្រ ទើបឃាត់រថយន្តនោះបាន ខណៈអ្នកបើកបរនិងអ្នករួមដំណើរ បានចុះរត់គេចខ្លួនបាត់អស់ កាលពីវេលាម៉ោង ១២យប់ ថ្ងៃទី ២១ ខែកញ្ញាឆ្នាំ ២០២១ ក្នុងមជ្ឈមណ្ឌលកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
សមត្ថកិច្ចដែលចូលរួមប្រតិបត្តិការ នៅទីតាំងកើតហេតុផ្ទាល់ បានប្រាប់មកកាន់ក្រុមការងារTVFB ជាបឋម ឲ្យដឹងថា ដំបូងឡើយ កម្លាំងព្រហ្មទណ្ឌកម្រិតស្រាល ទទួលបានសេចក្តីរាយការណ៍ពីម្ចាស់ផ្ទះតាមរយៈទូរសព្ទ ឲ្យជួយមកអន្តរាគមន៍នៅផ្ទះរបស់គាត់ ខណៈគាត់មានការភ័យខ្លាច ក្រោយមើលតាមកាមេរ៉ាសុវត្ថិភាព បានឃើញរថយន្ត GS300 គ្រឿង ដែលពាក់ស្លាកលេខ ភ្នំពេញ 2BH-5098 បើកបរដោយជនជាតិបរទេសម្នាក់ បានបើករថយន្ត មកឈប់មុខផ្ទះរបស់គាត់ រួចមានគ្នីគ្នាជាច្រើននាក់ ចុះមក ហើយក៏មានម្នាក់ មកឈរចុចកណ្តឹងទ្វារផ្ទះរបស់គាត់ ដោយគាត់អះអាងថា គឺជាជនបរទេស ដូចជាមិនសូវស្រួលពីសុវត្ថិភាព ទើបគាត់តេប្រាប់សមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាល ឲ្យជួយចុះមកមើលភ្លាមៗ។
សមត្ថកិច្ចបន្តថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍នេះភ្លាម កម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាល បានចុះមកដល់ទីតាំងផ្ទះគាត់ខាងលើ នៅម្ដុំផ្លូវកែវចិន្ដា ដែលស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ស្រាប់តែភ្លាមនោះ អ្នកបើកបររថយន្តGS300ខាងលើ ព្រមទាំងបក្ខពួក បាននាំគ្នាឡើងលើរថយន្ដ បើករត់គេចពីកន្លែងកើតហេតុ មកដល់ខណ្ឌចំការមន ក្នុងមជ្ឈមណ្ឌលកោះពេជ្រ ភ្លា ទើបសម្រេចចិត្តឈប់រថយន្តទុកចោល ហើយរត់គេចខ្លួនបាត់តែម្តង។
ក្នុងនោះ សមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការវាយបំបែកកញ្ចក់រថយន្ត GS300 ឆែកឆេររថយន្ត GS300 ខាងលើ ដើម្បីរកមើលក្រែងឃើញតម្រុយអ្វី រួចក៏ឲ្យសមត្ថកិច្ចជំនាញ ស្ទូចយករថយន្តនោះ ទៅស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីសមត្ថកិច្ចស្រាវជ្រាវនិងស៊ើបអង្កេតបន្ត ដោយមិនទាន់ដឹងជាករណីអ្វីឲ្យប្រាកដនៅឡើយ ព្រោះសមត្ថកិច្ចកំពុងបន្តការស្រាវជ្រាវ ៕ Mrr Ka