រាជធានីភ្នំពេញ ៖ សាច់ញាតិ និងប្រពន្ធទ្រហ៊ោយំរន្ធត់ចិត្ត ខណៈប្តីមានសុខភាពល្អធម្មតាសោះ យប់ឡើងចូលដេកធម្មតា តែមានភ្លៀងធ្លាក់ ព្រឹកឡើងក្រោកពីដំណេក គ្រាន់តែឈានជើងចុះពីលើគ្រែដែលទឹកលិចភ្លាម បែរជាឆក់ចរន្តអគ្គិសនីស្លាប់យ៉ាងរន្ធត់ទៅវិញ .. ប្រពន្ធឃើញខំស្រវ៉ាប្តី បែរជាឆក់ទាំងប្រពន្ធទៀត តែសំណាងណាស់មិនអី ដេកដៃចេញវិញស្លាប់តែប្តីប៉ុណ្ណោះ ... ។
ហេតុការណ៍នេះបានកើតឡើងនៅម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចរោងកម្មករស្នាក់នៅ របស់សិប្បកម្មប្លាស្ទិចផលិតសំបកដបទឹកសុទ្ធ ផ្លូវបេតុង ភូមិស្វាយតាអុក១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានប្រាប់ក្រុមការងារTVFB ឲ្យដឹងថា នៅក្នុងបន្ទប់កើតហេតុ មានគ្រែដែកក្រាលរនាបឈើមួយកំពស់៣០ស.ម និងមានទឹកលិចក្នុងបន្ទប់ទឹកជាប់នឹងជើងគ្រែកំពស់ ២៥ ស.ម នៅលើ ដែកក្បាលគ្រែពីខាងកើតមានព្រឺភ្លើង១ ចាប់ជាប់ត្រូវឆេះខ្លោចខ្មៅផ្ទុះបែក និងមានស្នាមឆេះខ្លោចខ្មៅជាប់នឹងដែលក្បាលគ្រែ ហើយសាកសពជនរងគ្រោះមានឈ្មោះ ផាត ឡូ ភេទប្រុស អាយុ២១ឆ្នាំ ជាកម្មករសិប្បកម្ម ស្នាក់នៅកន្លែងកើតហេតុខាងលើ។
យោងតាមការបំភ្លឺពីឈ្មោះ ផុន ស្រីភ័ស្ស ភេទស្រី អាយុ២០ឆ្នាំ ជាប្រពន្ធរបស់ជនរងគ្រោះបានឲ្យសមត្ថកិច្ចដឹងផងដែរថា កាលពីយប់ថ្ងៃទី១៨ កញ្ញា ២០២១ មានភ្លៀងយ៉ាងខ្លាំង ហើយប្តីប្រពន្ធគាត់ក៏បានដេកនៅក្នុងបន្ទប់ រហូតដល់ព្រឹកឡើងពេលពួកគាត់ភ្ញាក់ពីដេក ក៏ឃើញមានទឹកលិចក្នុងបន្ទប់ជិតមកដល់រនាបគ្រែ ហើយ ប្តីបានចុះពីលើគ្រែចូលក្នុងទឹកស្រាប់តែមានចរន្តឆក់ រួចគាត់ជាប្រពន្ធក៏បានលូកដៃទៅចាប់ប្តីក៏មានចរន្តឆក់ ដូចគ្នា ទើបគាត់ជាប្រពន្ធប្រលែងដៃមកវិញ ស្រែកប្រាប់អ្នកនៅខាងក្រៅឲ្យទៅបិតបារ៉ែតភ្លើង រួចក៏បាននាំគ្នាដឹកប្តីខ្ញុំទៅមន្ទីរពេទ្យ ពេលទៅដល់គ្រូពេទ្យពិនិត្យប្រាប់ថាស្លាប់បាត់ទៅហើយ។
តាមការពិនិត្យរបស់ការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ និង តាមការពិនិត្យរបស់លោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច្ឆ័យរាជធានីភ្នំពេញ បានឲ្យដឹងថា ជនរងគ្រោះ ស្លាប់ដោយឆក់ចរន្តអគ្គីសនីពិតមែន និងប្រគល់សពឲ្យ ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី នៅខេត្តតាកែវ ៕ មេសា