រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តព្រុស បានបុកជាមួយនឹងម៉ូតូសង់សេ១២៥ ដែលកំពុងជិះដោយបុរសម្នាក់ឌុបគ្នាពេញទំហឹង ហោះផ្លោងមនុស្សទៅលើដំបូលរថយន្ត ទើបធ្លាក់មកដីវិញ របួសធ្ងន់ទាំង២នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ខណៈរថយន្តនោះភ្លាមៗមិនទាន់អស់ល្បឿន ក៏បន្តបើកទៅមុខជិត១០០ម៉ែត្រ ទើបអ្នកបើកបរឈប់រថយន្តហើយចុះរត់គេចខ្លួនបាត់ កាលពីវេលាម៉ោង ១១ និង ៣០ នាទីថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវលេខ ២៨៧ កែងផ្លូវលេខ ៥២៨ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាកព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AM-2485 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ ៥២៨ ពីលិចទៅកើត ក៏មានកម្មករសំណង់ ២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1AH-6134 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២៨៧ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ មិនដឹងយ៉ាងម៉េច ស្រាប់តែបុកគ្នាពេញទំហឹង ហោះផ្លោងមនុស្សទៅលើដំបូលរថយន្ត ទើបធ្លាក់មកដីវិញ របួសធ្ងន់ទាំង២នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ខណៈរថយន្តនោះភ្លាមៗមិនទាន់អស់ល្បឿន ក៏បន្តបើកទៅមុខជិត១០០ម៉ែត្រ ទើបអ្នកបើកបរឈប់រថយន្តហើយចុះរត់គេចខ្លួនបាត់តែម្តង។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចនគរបាលមូលដ្ឋានបានចុះមកធ្វើការវាស់វែង យករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត ៕ នង មឿន