រាជធានីភ្នំពេញ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តធុនធំដឹកខ្សាច់មួយគ្រឿង បើកចេញពីការដ្ឋាន មិនប្រយ័ត្ន ក៏ជ្រុលទៅបុក រថយន្តកូរ៉េដឹកអំពៅ ចំពាក់កណ្ដាលរថយន្តពេញទំហឹង បណ្ដាលឲ្យក្រឡាប់ផ្ញារជើង រងរបួសធ្ងន់ម្នាក់ កាលពីវេលាម៉ោង៤និង៥០នាទី ទៀបភ្លឺ ឈានចូលថ្ងៃទី ២២ខែ កញ្ញា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវ ៦០ ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញ រថយន្តធុនធំដឹកខ្សាច់មួយគ្រឿង ក្បាលពណ៌ស បើកចេញពីការដ្ឋាន មិនបានប្រយ័ត្នក៏ជ្រុលទៅបុក រថយន្តកូរ៉េដឹកអំពៅ មួយគ្រឿងពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2C-6835 បើកបរពីជើងទៅត្បូង ចំពាក់កណ្ដាលពេញទំហឹង បណ្ដាលឲ្យក្រឡាប់ផ្ញារជើង រងរបួសធ្ងន់ម្នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលមូលដ្ឋាន បានចុះមកធ្វើការវាស់វែង ដោយទុកពេលឲ្យភាគីទាំង២សម្រួបសម្រួលគ្នា ទើបខាងរថយន្តធុនធំដឹកខ្សាច់ សងសំណងទៅខាង រថយន្តរងគ្រោះ ចំនួន៦០០ដុល្លារ ដើម្បីបញ្ចប់រឿងតែម្តង ៕ ពេជ្រ