ខេត្តព្រះសីហនុ ៖ គ្រោះថ្នាក់ចរាចរណ៍មួយយ៉ាងរន្ធត់មួយបានកើតឡើង បណ្ដាលឲ្យបុរសម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ បន្ទាប់ពីជិះទៅបុកជាមួយនឹងរថយន្តកុងតឺន័រដែលខូចចោលនៅកណ្ដាលផ្លូវ កាលពីវេលាម៉ោង០៨និង២០នាទីយប់ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ តាមបណ្ដោយផ្លូវជាតិលេខ០៤ ជិតច្រកចូលផ្លូវក្បាលឆាយ ស្ថិតក្នុងភូមិ ០១ សង្កាត់ ០១ ក្រុង/ខេត្តព្រះសីហនុ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្តធន់ធំកុងតឺន័រមួយគ្រឿង ដែលពាក់ស្លាកលេខ ព្រះសីហនុ 3A- 9779 និងកន្ទុយសណ្ដោងពាក់ស្លាកលេខ ភ្នំពេញ 4A-2096 បានឈប់នៅចំហៀងផ្លូវ ដោយសារតែរថយន្តបានខូច បើកឡើងទៅមុខហើយ ក៏បានដាក់សញ្ញាចម្ងាយប្រហែលជា ១០ ម៉ែត្រជាងឱ្យអ្នកបើកបរបានដឹងថានៅខាងមុខមានឡានខូច ខណៈនោះស្របពេលនឹងភ្លៀងធ្លាក់តិចៗផង ក៏មានយុវជនម្នាក់វ័យប្រហែលជា ១៦ ឆ្នាំ ឈ្មោះ ភាព មុខរបរធ្វើការនៅកន្លែងចម្រោះទឹកស្អាតមួយកន្លែងនៅក្បែរនោះ បានបើកម៉ូតូម៉ាក Honda Dream ស៊េរីឆ្នាំ០១១ ដែលពាក់ស្លាកលេខ ភ្នំពេញ 1AT- 9175 ពីផ្លូវកែងអាឡុងឆ្ពោះទៅបត់នៅផ្លូវខាងមុខច្រកចូលក្បាលឆាយ ដោយសារតែស្ថានភាពមេឃភ្លៀងមើលផ្លូវមិនឃើញ ក៏ជ្រុលចង្កូតទៅបុកជាមួយនឹងកន្ទុយសណ្ដោងរបស់រថយន្តកុងតឺន័របណ្ដាលឲ្យបោកក្បាលទៅនឹងថ្នល់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្ដង។
ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកបានប្រគល់សពទៅឲ្យក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី និងបាននាំយកវត្ថុតាងទាំងសង្ខាងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ រង់ចាំការដោះស្រាយតាមនីតិវិធីច្បាប់បន្តទៀត ៕ សំណាង